(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី​លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានថ្លែងថា ប្រទេសតួកគី​នឹង​អាចធ្វើការបង្កើនប្រតិបត្តិការ​​យោធា​របស់ខ្លួន នៅភាគខាងកើត​ប្រទេសស៊ីរី ដែលខ្លួនកំពុង​ដាក់មូលដ្ឋាន ដោយតួកគី​អះអាងថា វាជាការកសាង​សន្តិភាពសម្រាប់​តំបន់ទាំងមូល។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

នៅចំពោះមុខ​ក្រុមសមាជិកសភា នៃគណបក្សកាន់អំណាច AKP របស់​ប្រទេសតួកគី លោក Erdogan បាន​បញ្ជាក់ថា ប្រសិនបើសហរដ្ឋអាមេរិក​​មិនបញ្ចេញសកម្មភាព​​ណាមួយនៅភាគ​ខាងកើតទន្លេ អឺប្រាតស៍ (Euphrates) ឬក៏មិនមាន​ការ​សម្រេចចិត្ត​ណាមួយ​ឲ្យសមស្របទេនោះ ប្រទេសតួកគីនឹង​ព្យាយាមបោះជំហានទៅមុខ​ដែលអាច​ទៅរួច ដើម្បីប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ ឃើដ នៅក្នុងតំបន់​ភាគខាងកើតស៊ីរី​នេះតែម្តង។

ប្រធានាធិបតីតួកគី​បានសង្កត់ធ្ងន់ថា យើងនឹងបង្កើនប្រតិបត្តិការ​យោធានៅភាគកើតស៊ីរី ហើយការធ្វើបែបនេះ គឺមិនមែនដើម្បី​តែសន្តិភាពនៃប្រទេសតួកគី​ប៉ុណ្ណោះទេ តែវាក៏ជាការ​ធ្វើឲ្យតំបន់ទាំងមូលស្ងប់សុខ សម្រាប់ប្រជាជនស៊ីរីដែលរស់នៅតំបន់នោះ។ ការថ្លែង​របស់​ប្រធានាធិបតីតួកគីនេះ បានធ្វើឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ បំពេញទស្សនកិច្ច​នៅតួកគីដោយផ្ទាល់ ដើម្បីស្វែងយល់​ចំពោះរឿង​ក្តីបាត់ខ្លួនអ្នក​សារព័ត៌មានអារ៉ាប៊ីសាអូឌីត ដែលកំពុង​រំជើបរំជួល​នៅក្នុងប្រទេស​តួកគី៕