(តួកគី)៖ មន្រ្តីរដ្ឋាភិបាលតួកគីមួយរូប បានថ្លែងប្រាប់សារព័ត៌មាន CNN ឲ្យដឹងថា សាកសពអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត​ដែលបាត់ខ្លួនគឺលោក Jamal Khashoggi ត្រូវបានគេសម្លាប់ និងកាត់ជាបំណែកៗ បន្ទាប់ពីគាត់ត្រូវបានសម្លាប់កាលពី២សប្តាហ៍មុន នៅឯស្ថានកុងស៊ុលអារ៉ាប់ នៅទីក្រុង អ៉ីស្តង់ប៊ុល ប្រទេសតួកគី។ នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយនៅយប់ជ្រៅឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។

សូមជំរាបថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨កន្លងទៅ លោក Jamal Khashoggi ជាអ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត និងជាអ្នករិះគន់ការដឹកនាំនៃរាជ្យវង្ស អារ៉ាប៊ីសាអូឌីត បានចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ដើម្បីទទួលយកឯកសារ សម្រាប់គំរោងរៀបអាពាហ៍ពិពាហ៍របស់លោក ជាមួយស្ត្រីជាជនជាតិតួកគីម្នាក់ឈ្មោះ ហាធីស សិនជីស (Hatice Cengiz)។ លោកមិនត្រូវបានគេឃើញចេញមកខាងក្រៅវិញនោះទេ ខណៈមានសេចក្ដីរាយការណ៍ ជាច្រើនថាលោក ត្រូវបានទីភ្នាក់ងារស៊ើបការណ៍សំងាត់អារ៉ាប៊ីសាអូឌីតសម្លាប់។ ក៏ប៉ុន្តែទីក្រុងរីយ៉ាដបដិសេធ រីឯបណ្ដាប្រទេសលោកខាង លិចបានដាក់សម្ពាធការទូតឱ្យប្រទេសជាមហាសេដ្ឋីប្រេងមួយនេះពន្យល់លម្អិតពីការបាត់ខ្លួនរបស់លោក Khashoggi។

ប៉ុន្តែនៅពេលនេះត្រូវបានមន្រ្តីរដ្ឋាភិបាលតួកគីបានចេញមុខអះអាងថា លោក Jamal Khashoggi ត្រូវបានគេសម្លាប់ និងកាត់ជាបំណែកៗ នៅក្នុងស្ថានកុងស៊ុលអារ៉ាប់ នៅទីក្រុង អ៉ីស្តង់ប៊ុល ប្រទេសតួកគី៕