(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទោះបីជាព្យុះហឺរីខិនបានកន្លងផុតទៅមួយរយៈហើយក៏ដោយ ខណៈពេលនេះមនុស្សជាង ១,៣០០នាក់កំពុងបន្តត្រូវក្រុម សង្រ្គោះ និងអ្នកស្ម័គ្រចិត្តតាមស្វែងរកយ៉ាងខ្នះខ្នែងជាទីបំផុត នៅក្នុងរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិកក្រោយពីបានរងការវាយប្រហារ យ៉ាងដំណំពីព្យុះ ម៉ៃខឺល (Michael) កាលពីសប្តាហ៍មុន៕

២៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់ បានច្រានចោលបណ្ដឹងបរិហារកេរ្តិ៍ ប្រឆាំងនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ របស់អតីតតារាថតខ្សែភាពយន្ដអាសអាភាសអាមេរិកនាង ស្តូមី ដានីញែល (Stormy Daniels)៕

៣៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ចេមស៍ ម៉ាត់ទីស (James Mattis) បានអះអាងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគាំទ្ររូបលោក ១០០ភាគរយ ហើយការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីលោកត្រាំបាននិយាយថា លោកអាចនឹងលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិ៕

៤៖ ក្រុមហ៊ុន Google បានសម្រេចដកខ្លួនមិនចូលរួមក្នុងកិច្ចប្រជុំស្តីពីវិស័យវិនិយោគអនាគត (Future Investment Initiative ឬ FII) នៅទីក្រុងរីយ៉ាដ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតនោះឡើយ ខណៈបញ្ហានៃការបាត់ខ្លួនអ្នកកាសែតប្រឆាំងជាជនជាតិ អារ៉ាប៊ីសាអូឌីតឈ្មោះ ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅតែមិនទាន់អាចដោះស្រាយដាច់ស្រេច៕

៥៖ ក្រសួងការពារជាតិអង់គ្លេសបានចេញរបាយការណ៍មួយ ដោយបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងធ្វើការភ្ជាប់ទំនាក់ទំនងជាសកល នៅគ្រប់របៀបវារៈទាំងអស់នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះទៀតប៉ុណ្ណោះ ដែលវានឹងក្លាយជាឥទ្ធិពលថ្មីមួយសម្រាប់រុស្ស៊ីនៅលើ ឆាកអន្តរជាតិ៕

៦៖ អាចម៍ផ្កាយមួយត្រូវបានដាក់ឈ្មោះថា Nan Rendong ដែលជាស្ថាបនិកបង្កើតតេឡេស្កូបយក្ស FAST នៅក្នុងប្រទេសចិន ដែលមានមុខកាត់ ៥០០ម៉ែត្រនោះ៕