(ហូជីមិញ)៖ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានអះអាងថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានគាំទ្រ​រូបលោក ១០០ភាគរយ ហើយការលើកឡើងបែបនេះ​ ធ្វើឡើងបន្ទាប់ពី​លោក​ត្រាំបាននិយាយថា លោកអាចនឹងលាលែង​ពីតំណែងជា​រដ្ឋមន្ត្រី​ការពារជាតិ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

លោក ម៉ាត់ទីស ថ្លែងបែបនេះ​នៅចំពោះមុខអ្នក​សារព័ត៌មាន មុនធ្វើដំណើរ​មកទៅដល់ប្រទេសវៀតណាម​នៅថ្ងៃអង្គារនេះ ជាមួយការបញ្ជាក់ថា លោកបានទទួល​ការគាំទ្រយ៉ាងពេញ​ទំហឹងពីលោក ដូណាល់ ត្រាំ នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទមួយ នៅអំឡុងពេលលោក ធ្វើដំណើរចាកចេញ​ពីទីក្រុង​វ៉ាស៊ីនតោន។ ថ្លែងនា​ឱកាសនោះ រដ្ឋមន្ត្រីការពារជាតិ​អាមេរិករូបនេះ បានលើក​ឡើងយ៉ាងដូច្នេះថា «លោក​ប្រធានាធិបតី ត្រាំ គាំទ្រខ្ញុំ ១០០ភាគរយ»

ក៏ប៉ុន្តែ​នៅពេលត្រូវបាន​សាកសួរថា តើលោកគឺជាអ្នកប្រជាធិបតេយ្យ​ដូចដែល​លោក ត្រំា បានអះអាងនៅ​ក្នុងកិច្ចសម្ភាសន៍​កាលពី​ថ្ងៃអាទិត្យដែរ ឬទេ? លោក ម៉ាត់ទីស បានឆ្លើយថា លោកមិនដែល​ចាត់ទុកខ្លួនឯងថា​ជាអ្នកសាធារណរដ្ឋ ឬក៏ប្រជាធិបតេយ្យនោះ​ឡើយ។ «ខ្ញុំមិនដែល​ឈរនៅខាង​គណបក្សនយោបាយ​ណាមួយនោះទេ»។ នេះការបញ្ជាក់​យ៉ាងខ្លីរបស់​លោក ម៉ាត់ទីស។

គួរបញ្ជាក់ថា បើតាមលោក ចេមស៍ ម៉ាត់ទីស លោកមិនដែល​បាននិយាយពីការលាលែង​ពីតំណែងជាមួយ​លោក ដូណាល់ ត្រាំ នោះទេ បើទោះជាមាន​ពាក្យចចាមអារ៉ាមថា​ ទំនាក់ទំនងរវាង​អ្នកទាំងពីរមាន​ភាពល្អក់កករ ក្រោយលោក ម៉ាត់ទីស ត្រូវបាន​គេរាយការណ៍ថា បានហៅការ​សម្រេចចិត្តលើការងារ​របស់លោក ត្រាំ ថាជាដូចក្មេង​រៀនថ្នាក់ទី ១០ក៏ដោយ។ ក៏ប៉ុន្តែ​ពាក្យចចាមអារ៉ាមនេះ​ក៏ធ្លាប់ត្រូវ បានរូបលោក​ផ្ទាល់បដិសេធជា​ច្រើនដងរួចមកហើយ​ដែរ៕