​(ស៊ីដនី)៖ ក្រុមអ្នកឃ្លាំ​មើលព័ត៌មានទាក់ទិន​នឹងរាជវង្សអង់គ្លេស នឹងធ្វើដំណើរ​ទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី​នៅថ្ងៃអង្គារនេះ បន្ទាប់ពីមាន​ការប្រកាសថា​ ព្រះអង្គម្ចាស់ Harry និងភរិយារបស់​ទ្រង់គឺអ្នកម្នាង មេហ្គាន (Meghan) មានបុត្រ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

ព្រះរាជវាំង ខេនស៊ីងតុន (Kensington Palace) បានប្រកាសពី​ព័ត៌មានមានគត៌នេះ ខណៈព្រះអង្គ​ម្ចាស់ Harry និងមហេសីរបស់ទ្រង់ឈ្មោះ Meghan កំពុងបំពេញ​ដំណើរទស្សនកិច្ចរយៈពេល ១៦ថ្ងៃ នៅក្នុង​ប្រទេសអូស្រ្តាលី ដើម្បីចូលរួម​ក្នុងកម្មវិធី Invictus Games ដែល​ព្រះអង្គម្ចាស់ Harry បានបង្កើតឡើង​កាលពីឆ្នាំ២០១៤។ កម្មវិធី Invictus Games នេះនឹងត្រូវធ្វើឡើង​ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែតុលានេះ។

បន្ថែមពីលើនេះ ប្ដីប្រពន្ធរាជវង្ស​អង់គ្លេសទាំងពីរអង្គ នឹងត្រូវចំណាយ​ចំពេលពេញមួយថ្ងៃដំបូង​ នៅក្នុងទីក្រុងស៊ីដនីព្រមទាំងបំពេញ​ទស្សនកិច្ចសួន​សត្វ​ក្នុងទីក្រុង តារ៉ុងហ្គា (Taronga Zoo) មុននឹងយាង​ដំណើរបន្តតាម​ទូកទៅកាន់ អគារអូពែរ៉ា ដ៏​ល្បីល្បាញ​ក្នុងទីក្រុងស៊ីដនី (Sydney Opera House) ដើម្បី​ជួបអ្នកគាំទ្រ។

គួរបញ្ជាក់ថា បើតាមព័ត៌មាន​ជាច្រើន ព្រះរាជបុត្រថ្មីនៃរាជវង្ស​អង់គ្លេស នឹងត្រូវប្រសូត​នៅឆ្នាំក្រោយ ខណៈមានការរំពឹងថា ព្រះអង្គ​ម្ចាស់ Harry និងមហេសី​អាចនឹង​បំពេញ​ទស្សនកិច្ច​​ទៅកាន់​ប្រទេសដីកោះ ហ្វីជី (Fiji), តុងហ្គា (Tonga) និងប្រទេស​នូវែលសេឡង់​ផងដែរ ក្នុងពេល​ឆាប់ៗនេះ ដោយដែនដីទាំងនេះ​សុទ្ធសឹងតែ​ស្ថិតនៅក្នុង​ចង្កោមប្រទេស Common Wealth ដែលចាត់​ទុករាជវង្ស​អង់គ្លេស គឺជារាជវង្ស​របស់ពួកគេ​ផងដែរ និងសុទ្ធសឹងជាប្រទេស​អតីតធ្លាប់ស្ថិតក្រោមអាណានិគម​អង់គ្លេស៕