(អាមេរិក)៖ ក្រុមហ៊ុន Google បានសម្រេច​ដកខ្លួនមិនចូល​រួមក្នុង​កិច្ចប្រជុំស្តីពី​វិស័យ​​វិនិយោគអនាគត (Future Investment Initiative ឬ FII) នៅទីក្រុងរីយ៉ាដ នៃព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត​នោះឡើយ ខណៈបញ្ហានៃការបាត់ខ្លួន​អ្នកកាសែត​ប្រឆាំង ជាជនជាតិអារ៉ាប៊ីសាអូឌីត​ឈ្មោះ ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅតែមិនទាន់​អាចដោះស្រាយ​ដាច់ស្រេច។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

កិច្ចប្រជុំខាងលើ​នឹងប្រព្រឹត្តទៅ​រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែតុលា ក្រោមការរៀបចំ​របស់ ​មូលនិធិវិនិយោគ​​សាធារ​ណៈអារ៉ាប៊ីសាអូឌីត។ យោងតាម​ការបញ្ជាក់ពីអ្នកនាំ​ពាក្យរបស់ Google លោក​ស្រី ដាយ៉ាន ហ្គ្រីន (Diane Greene) ដែលជានាយកប្រតិបត្តិ​​នៃ​​ផ្នែក​សេវា Cloud (សេវាស្តុកទិន្នន័យ​លើអ៉ីនធើណែត) នឹងមិនទៅចូលរួម​កិច្ចប្រជុំ FII ឡើយ ប៉ុន្តែពុំទាន់មានការបញ្ជាក់​ពីមូលហេតុ​ពី​ក្រោយ​ការសម្រេចចិត្ត​បែបនេះនោះទេ។

ទន្ទឹមនឹងនេះ ធនាគារពិភពលោក សារព័ត៌មានធំៗ​នៅអាមេរិក ដូចជា The New York times, Bloomberg និង CNBC និងក្រុមហ៊ុន​​​អ៊ូប៊ឺ (Uber) ក៏បានប្រកាស​មិនចូលរួមកិច្ច​ប្រជុំខាង​លើ​ដូចគ្នាដែរ។

គួរជម្រាបថា លោក Khashoggi បានបាត់ខ្លួននៅ​ប្រទេសតួកគី​កាល​ពី​ថ្ងៃទី០២ ខែតុលា។ បើតាមការអះអាង​ពីគូដណ្តឹងរបស់លោក អ្នកកាសែតរូបនេះ​ត្រូវបានអញ្ជើញ​ទៅកាន់​ស្ថានកុលស៊ុល​អារ៉ាប៊ី​សាអូឌីត នៅក្រុងអ៉ីស្តង់ប៊ុល ប៉ុន្តែពុំត្រូវ​បាន​ឃើញ​ចាក​ចេញ​មក​វិញ​​ឡើយ។ យោងតាម​ការចុះផ្សាយលើ​សារព័ត៌មាន ក្រុមអ្នក​ស៉ើបអង្កេត​តួកគីមាន​ការ​សង្ស័យថា លោក Khashoggi ត្រូវ​បាន​គេ​​សម្លាប់​​នៅទីនោះ ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត​បាន​អះអាងថា លោក Khashoggi តាមពិត​បានបាត់ខ្លួន​ក្រោយ​ពេល​ចាក​ចេញ​​ពី​ស្ថាន​កុង​ស៊ុល៕