(វ៉ាស៉ីនតោន)៖ សហស្ថាបនិក​នៃក្រុមហ៊ុន Microsoft លោក ផល អាល់ឡិន (Paul Allen) ជាមហាសេដ្ឋីលំដាប់ពិភពលោក (លេខរៀង៤៤) និងមានទ្រព្យសម្បត្តិ ២១.៧ពាន់លានដុល្លារ និងជាបុគ្គលដែលបានបញ្ចុះបញ្ចូល​ លោក ប៊ៀល ហ្គេតស៍ (Bill Gates) ដែលជាមិត្តភក្តិរួម​សាលាឲ្យបោះបង់ចោល​ការសិក្សា នៅសាកលវិទ្យាល័យ​ហាវ៉ាដ (Harvard) ដើម្បី​រួមគ្នាបង្កើត​ក្រុមហ៊ុន Microsoft ដែលបានក្លាយ​ជាក្រុមហ៊ុន Software ធំជាងគេលើ​លោកនោះ បានទទួលមរណភាព​ក្នុងជន្មាយុ ៦៥ឆ្នាំ។ នេះបើតាម​ការដក​ស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

​លោក Allen បានចាកចេញ​ពីក្រុមហ៊ុន Microsoft កាលពីឆ្នាំ១៩៨៣ មុនពេលដែល​ក្រុមហ៊ុននេះ បានប្រែក្លាយខ្លួនជា​សហគ្រាស​ដ៏ធំមួយ ដោយសារតែមាន​បញ្ហាវិវាទជាមួយលោក Gates ប៉ុន្តែចំណែក​ភាគហ៊ុនដើម​របស់លោក នៅតែបានបន្តឲ្យ​រូបលោកប្រើ​ពេល​ពេញមួយជីវិត​របស់លោក និងថវិការាប់​ពាន់លានដុល្លារ ទៅលើ​រឿងផ្សេងៗ ដូចជាការ​បង្កើត​​ក្រុមកីឡា ការស្រាវជ្រាវ​ផ្នែក​ខួរក្បាល និងវិស័យ​អចលនទ្រព្យ​ជាដើម។

លោក Paul Gardner Allen បានកើត​នៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៥៣ ក្នុងទីក្រុង​ស៉ីអាតថល (Seattle) ដែលមានឪពុកជា​បណ្ណារក្ស​ ​និងម្តាយ​ជាគ្រូបង្រៀន។ លោក Allen មានអាយុបង​លោក Gates ពីរឆ្នាំ ហើយអ្នកទាំងពីរ​បានជួបគ្នា​លើកដំបូង​​ក្នុង​បន្ទប់​កុំព្យូទ័រ​​នៃ​សាលាឯកជន Lakeside កាលពីឆ្នាំ១៩៦៨។

គួរជម្រាបថា បើតាមការបញ្ជាក់​ពីក្រុមគ្រួសារ លោក Allen បានទទួលមរណភាព​ដោយសារតែ​ជំងឺមហារីក៕