(អង់ការ៉ា)៖ ក្រុមមន្ត្រីតួកគី និងអារ៉ាប៊ីសាអូឌីត ដែលកំពុងធ្វើការស៊ើបអង្កេតលើករណីបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់ អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតម្នាក់ គឺលោក Jamal Khashoggi នឹងធ្វើការចុះត្រួតពិនិត្យឆែកឆេរនៅក្នុងស្ថានកុងស៊ុល អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។

លោក Jamal Khashoggi ជាអ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត និងជាអ្នករិះគន់ការដឹកនាំនៃរាជ្យវង្សអារ៉ាប៊ីសាអូឌីត បាន ចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ ដើម្បីទទួលយកឯកសារ សម្រាប់គំរោងរៀបអាពាហ៍ពិពាហ៍របស់លោក ជាមួយស្ត្រីជាជនជាតិតួកគីម្នាក់ឈ្មោះនាង ហាធីស សិនជីស (Hatice Cengiz)។ លោកមិនត្រូវបានគេឃើញចេញមកខាងក្រៅវិញនោះទេ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាលោក ត្រូវបានទីភ្នាក់ងារស៊ើបការណ៍សំងាត់អារ៉ាប៊ីសាអូឌីតសម្លាប់។ ក៏ប៉ុន្តែទីក្រុងរីយ៉ាដបដិសេធ រីឯបណ្ដាប្រទេសលោកខាង លិចកំពុងដាក់សម្ពាធការទូតឱ្យប្រទេសជាមហាសេដ្ឋីប្រេងមួយនេះពន្យល់លម្អិតពីការបាត់ខ្លួនរបស់លោក Khashoggi ។

ដោយឡែក ជុំវិញសំណុំរឿងនេះដែរ ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើសម្រង់សម្ដីនៃក្រុមមន្ត្រីតួកគីម្នាក់ បានឱ្យ ដឹងថាព្រះមហាក្សត្រ Salman បានចេញព្រះរាជបញ្ជាឱ្យបើកស៊ើបអង្កេតនេះហើយ។ មន្ត្រីរូបនេះដដែល លើកឡើងដូច្នេះ ថា៖«ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman បានបង្គាប់ឱ្យរាជអាជ្ញាបើកការស៊ើបអង្កេតផ្ទៃក្នុងមួយ លើសំណុំរឿងលោក Khashoggi ដោយផ្អែកលើព័ត៌មានពីក្រុមមន្ត្រីតួកគី និងអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល»។

គួរបញ្ជាក់ថា បើតាម Reuters ក្រុមមន្ត្រីតួកគី និងអារ៉ាប៊ីសាអូឌីត ត្រូវបានគេរំពឹងថានឹងធ្វើការចុះឆែកឆេរនៅក្នុង ស្ថានកុងស៊ុលខាងលើនៅរសៀល ឬល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅតួកគី)៕