(បាងកក)៖ ប៉ូលិសថៃ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាពួកគេបានរឹបអូសថ្នាំញៀនប្រភេទ methamphetamine រហូតដល់ទៅ ២២លានគ្រាប់ រួមទាំងម៉ាទឹកកក១០០គីឡូក្រាម និងកញ្ឆា១៨០០គីឡូក្រាម នៅក្នុងប្រតិបតិ្តការបង្ក្រាបគ្រឿងញៀនចំនួន ០៧លើក ដាច់ដោយឡែកពីគ្នា ក្នុងរយៈពេលជិតមួយសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។

យោងតាមតាមប៉ូលិសថៃ ប្រតិបត្តិការទាំង០៧ខាងលើ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃ១០ ដល់ថ្ងៃទី១៤ ខែតុលានៅក្នុង ខេត្តឈៀងរ៉ៃ, ខេត្ត Nakhon Ratchasima, ខេត្ត Lop Buri, ខេត្ត Songkhla, ខេត្ត Kanchanaburi, និងស្រុក Mae Lao នៃខេត្តឈៀងរ៉ៃ។

គួរបញ្ជាក់ថា បើតាមប៉ូលិសថៃ ជនសង្ស័យ១៤នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយជនសង្ស័យទាំងនេះត្រូវគេជឿជាក់ ថាចង់ប្រើប្រាស់ថ្ងៃឈប់សម្រាករយៈពេលវែង ដើម្បីរត់ពន្ធគ្រឿងញៀនឆ្លងព្រំដែន។ ប៉ុន្តែត្រូវប៉ូលិសស៊ើបការណ៍ សំងាត់ថៃបង្រ្កាបទាន់ពេលវេលា៕