(ប៉ារីស)៖ អាជ្ញាធរបារាំង​ បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់១៣នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ ដែលបាន វាយប្រហារភ្លាមៗលើតំបន់ Aude ភាគខាងត្បូងនៃប្រទេស ក្រោយទទួលរងភ្លៀងធ្លាក់ជាបន្តបន្ទាប់កាលពីថ្ងៃអាទិត្យម្សិល មិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមស្ថានីយទូរទស្សន៍បារាំង BFM TV ឧទ្ធម្ភាគចក្រជួយសង្រ្គោះជាច្រើនគ្រឿងកំពុងរង់ចំាឱ្យ​អាកាសធាតុប្រសើរឡើងវិញសិន មុននឹងដឹកនាំប្រតិបត្តិការជួយសង្រ្គោះ។ BFM TV បានបន្ថែមទៀតថា ភូមិ Conques-sur-Orbiel និងភូមិ Villardonnel​ នៃតំបន់ Aude បាននិងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ខណៈកម្ពស់ទឹកនៅតែ បន្តកើនឡើងរហូតដល់បង្អួចជាន់ទីមួយនៃផ្ទះមួយចំនួន។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរបារាំង គ្រោះទឹកជំនន់នេះបានកើតឡើងភ្លាមៗ ទើបពួកគេមិនអាចផ្ដល់ដំណឹងដល់ប្រជាជន ទាន់ពេលវេលា។ ចំណែកឯ កម្ពស់ទឹកត្រូវបានគេរំពឹងថាអាចនឹងបន្តហក់ឡើងខ្ពស់នៅថ្ងៃចន្ទនេះ ហើយក្រុមអ្នកឧតុនិយម យល់ថាស្ថានភាពទឹកសមុទ្រក្ដៅនៅឯឆ្នេរសមុទ្រមេឌីទែរ៉ានេនៃភាគខាងត្បូងប្រទេសបារាំង អាចជាមូលហេតុបណ្ដាលឱ្យ ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា៕