(សេអ៊ូល)៖ ទីបំផុតកូរ៉េខាងត្បូង និងកូរ៉េខាងជើង​បានព្រមព្រៀងនឹងធ្វើ​ការតភ្ជាប់បណ្តាញ​ផ្លូវថ្នល់ក៏ដូចជា​ផ្លូវដែកឡើងវិញ ហើយ​នេះគឺជា​ការបោះជំហាន​ទៅមុខថ្មីមួយទៀតនេះ នៅក្នុងភាព​ប្រសើរឡើង​ នៃទំនាក់ទំនងរវាងបងប្អូន​ទាំងពីរ។ នេះបើ​តាម​​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​​ពី​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។

ការព្រមព្រៀងគ្នា​ត្រូវសម្រេចបាន នាអំឡុងកិច្ច​ពិភាក្សាពីសំណាក់មន្រ្តីជាន់ខ្ពស់​មកពីភាគីទាំងពីរ នៅឯភូមិ​ព្រំដែន Panmunjom ​ក្រោមគោលដៅគោរព​តាម​សេចក្តីថ្លែងការណ៍​រួម ក្នុងកិច្ចប្រជុំកំពូល​លើកទីបីសម្រាប់​ឆ្នាំ២០១៨នេះ រវាង​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក មូន ជែអ៉ីន និងប្រមុខដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន។

គួរជម្រាបថា កូរ៉េទាំងពីរបានឯកភាពគ្នារៀបចំ​ពិធីមួយចំនួន នៅចុងខែវិច្ឆិកា ឬអាចនៅ​ដើមខែធ្នូ ដើម្បីចាប់​ផ្តើមដំណើរការ​តភ្ជាប់​បណ្តាផ្លូវថ្នល់ និងផ្លូវដែក ដែលត្រូវបាន​កាត់ផ្តាច់ចោល​ ចាប់តាំងពីសម័យសង្រ្គាម​កូរ៉េឆ្នាំ១៩៥០-១៩៥៣។ នាចុងខែនេះ ភាគីទាំង​ពីរ​ក៏បានព្រមព្រៀងជួប​ពិភាក្សាគ្នាម្តងទៀត អំពីគម្រោង​ដើម្បីដេញថ្លៃសុំធ្វើជា​ម្ចាស់ផ្ទះរួម នៃព្រឹត្តិការណ៍​អូឡាំពិកឆ្នាំ២០៣២ ផងដែរ៕