(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត​បានព្រមានថា ខ្លួននឹងចាត់វិធាន​ការសងសឹកទៅនឹងរាល់ការដាក់​ទណ្ឌកម្ម​ទាំងអស់ ជុំវិញការបាត់ខ្លួន​របស់អ្នកសារព័ត៌មាន​អារ៉ាប៊ីសាអូឌីត​លោក ចាម៉ាល់ ខានហូកជី (Jamal Khashoggi) ហើយដែលការព្រមាន​បែបនេះធ្វើឡើងតែ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរលើ​ទីក្រុងរីយ៉ាដ។ នេះបើតាម ការចេញផ្សាយ​ដោយ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។

កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន លោក ដូណាល់ ត្រាំបានព្រមាន​អារ៉ាប៊ីសាអូឌីត ដែលជាម៉ូយដុំទិញ​អាវុធដ៏ធំមួយរបស់សហរដ្ឋអាមេរិកថា នឹងទទួលរងទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរពីសំណាក់​ទីក្រុងវ៉ាស៊ីនតោន បើសិនជាទីក្រុ​ងរីយ៉ាដពិតជា​បាន​សម្លាប់ លោក Khashoggi នៅក្នុង​សា្ថនកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី​មែននោះ។ តែទោះ​យ៉ាងនេះក្ដី ថ្លែងប្រាប់ប្រព័ន្ធផ្សព្វ​ផ្សាយរដ្ឋ SPA កាលពី​ថ្ងៃអាទិត្យ មន្ត្រីអារ៉ាប៊ីសាអូឌីត​ម្នាក់បានព្រមានថា ទីក្រុងរីយ៉ាដ​នឹងចាត់វិធានការឆ្លើយតប​ ទៅនឹងរាល់ការដាក់ទណ្ឌកម្ម​ទាំងឡាយ ដើម្បីការពារ​ផលប្រយោជន៍​ជាតិ។

មន្ត្រីខាងលើនេះដដែលបានគូសបញ្ជាក់​ ក្នុងលក្ខខណ្ឌមិន​បញេ្ចញឈ្មោះ​យ៉ាងដូច្នេះថា «អារ៉ាប៊ីសាអូឌីត​ប្រឆាំងជាដាច់​ខាត ចំពោះការដាក់​ទណ្ឌកម្ម ឬសម្ពាធ​នយោបាយទាំងឡាយ​ណា​ដែលមាន​បំណង ឬព្យាយាមបំផ្លាញផល​ប្រយោជន៍​អារ៉ាប៊ីសាអូឌីត... ដូច្នេះទីក្រុងរីយ៉ាដ​នឹងចាត់វិធានការឆ្លើយតប ទៅនឹងរាល់ការដាក់​ទណ្ឌកម្ម​ទាំងអស់»

គួរបញ្ជាក់ថា បើតាម​មន្ត្រីលើ អារ៉ាប៊ីសាអូឌីត​បានត្រៀមវិធានការច្រើន​ជាង ៣០ ដើម្បីទប់ទល់នឹង​ការដាក់ទណ្ឌកម្មពី​បរទេស ហើយក្នុងចំណោម​វិធានការ​ទាំងនេះ​រួមមានការ​លក់ប្រេង និងគំរោង​ទិញអាវុធ ព័ត៌មានចែក​រំលែកព័ត៌មានរវាង អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ឬក៏ការផ្សះផ្សា​ទំនាក់ទំនងជាមួយ​អ៊ីរ៉ង់ជាដើម។

លោក Jamal Khashoggi ជាអ្នកសារព័ត៌មាន​អារ៉ាប៊ីសាអូឌីត និងជាអ្នករិះ​គន់​ការ​ដឹកនាំនៃរាជ្យវង្ស​​អារ៉ាប៊ីសាអូឌីត បានចូល​ក្នុងស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​​អ៊ីស្ដង់ប៊ូល កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ ដើម្បីទទួល​យក​ឯកសារ​សម្រាប់គំរោង រៀបអាពាហ៍ពិពាហ៍​​​របស់លោក ជាមួយ​ស្ត្រី​ជាជនជាតិតួកគី​​ម្នាក់ឈ្មោះនាង ហាធីស សិនជីស (Hatice Cengiz)។ ប៉ុន្តែលោក​មិនត្រូវបានគេ​ឃើញចេញមកខាងក្រៅ​វិញនោះទេ ខណៈមានសេចក្ដីរាយការណ៍​ជាច្រើនថា លោក​ត្រូវបានទីភ្នាក់ងារស៊ើបការណ៍​សំងាត់អារ៉ាប៊ីសាអូឌីតសម្លាប់ បើទោះជាទីក្រុងរីយ៉ាដ បដិសេធ៏ដោយ៕