(តូក្យូ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបដិសេធ​ផ្ដល់បញ្ជីទីតាំង​រោងចក្រនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង​ដល់ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រហូតដល់មាន​ការចុះសន្ធិសញ្ញាបញ្ចប់​សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ជាមុនសិន។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មានជប៉ុន យ៉ូមីយូរិ ស៊ីមប៊ុន (Yomiuri Shimbun) នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។​

យោងតាម Yomiuri Shimbun នៅពេលត្រូវ​បានស្នើឱ្យផ្ដល់បញ្ជីរោងចក្រ​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា បើគ្មានការជឿទុកចិត្ត​គ្នាទៅវិញ​ទៅមក នៅក្នុងទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង​ទេនោះ​ទោះបីជា​ទីក្រុងវ៉ាស៊ីនតោន​​ទទួលបានបញ្ជី​ទាំងនេះ ក៏សហរដ្ឋអាមេរិក​នៅតែមិនជឿ​ដដែល... ដូច្នេះការចុះ​សន្ធិសញ្ញា​បញ្ចប់​សង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) ត្រូវតែធ្វើ​ឡើងជា​មុនសិន។

គួរជម្រាបថា រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ បានបំពេញ​ដំណើរ​ទស្សនិច្ចរយៈពេលបីថ្ងៃទៅកាន់​ទីក្រុងព្យុងយ៉ាង កាលពីដើមខែតុលាកន្លងទៅ ក្នុងគោលបំណងពន្លឿកិច្ចការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ក៏ដូចជា​ពិភាក្សាពីការ​រៀបចំកិច្ចប្រជុំកំពូលជាលើកទី ២ រវាងលោក ត្រាំ និងលោក គីម បន្ទាប់ពីអ្នកទាំងពីរ​បានជួបគ្នាម្ដង​រួចមកហើយ ក្នុងប្រទេស​សិង្ហបុរីកាលពីខែមិថុនា​កន្លងទៅ៕