(ភ្នំពេញ)៖ បេក្ខនារីតំណាងជាតិកម្ពុជា គឺកញ្ញា ឌី លីកា (Dy Lika) គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹកថ្ងៃចន្ទ ទី១៥ ខែតុលា នេះបាន​ការបោះឆ្នោត​គាំទ្រ (Vote) ពីសំណាក់​ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសទូទាំងពិភពលោកតាមរយៈការ Like សរុបជាង ១២៨,០០០នាក់ លើសគេក្នុងចំណោម Miss Grand ទាំងអស់ទូទាំងពិភពលោក ក្នុងទំព័រ Facebook ផ្លូវការ​របស់ Miss Grand International ​ខណៈការ Share គឺទទួលបានរហូតដល់ជិត ១.៧លាននាក់ឯណោះ ដោយតែរូបរាងដ៏ស្រស់សោភា សមត្ថភាព ស្នាមញញឹមប្រិមប្រិយបែបធម្មជាតិ និងសម្លៀកបំពាក់ប្រពៃណីរបស់បវរកញ្ញា​កម្ពុជា មានភាពទាក់ទាញខ្លាំងបំផុតក្នុងឆ្នាំ២០១៨នេះ។

ក្នុងរូបភាពដែលតាំងបង្ហាញសម្រាប់ការបោះឆ្នោតនេះ កញ្ញា ឌី លីកា ឈរតាំងជំហរយ៉ាងម៉ឺងម៉ាត់ ស្លៀកសំពត់ហូលពណ៌ក្រហមភ្លឺដូចមាស ដៃខាងស្ដាំកាន់កង្វេ (ឈើសម្រាប់កម្លាច និងបញ្ជាដំរី) ដៃខាងឆ្វេងបង្ហាញក្បាច់ត្របកផ្កាយ៉ាងទន់ភ្លន់ល្អប្រពៃ ជើងខាងស្ដាំបោះឈៀងទៅមុខបន្តិច បួងសក់ឡើងលើដូចនារីរតនៈនាបុរាណសម័យ រាងកាយលម្អដោយគ្រឿងអលង្ការបុរាណខ្មែរយ៉ាងល្អវិចិត្រ ខ្សែចក្ខុបាញ់ត្រង់ទៅមុខ សោតិនលមុ្អដោយក្រវិលផ្កាមាស រលេចស្នាមញញឹមប្រិមប្រិយគួរជាទីគយគន់។

គួរជម្រាបថា បេក្ខនារី Miss Grand កម្ពុជា បានឆ្លងផុតវគ្គ ២០ប្រទេស (Top20) ដែលមានឈុតសម្លៀក​បំពាក់ប្រពៃណីជាតិល្អបំផុតរួចហើយ ប៉ុន្តែកញ្ញាត្រូវការការ Like និង Share ពីសំណាក់ប្រជាពលរដ្ឋឱ្យបានច្រើនៗបន្តទៀត ដើម្បីឡើងទៅវគ្គបន្ត ហើយបច្ចុប្បន្នទោះបីទទួលបានការ Like ច្រើនផ្តាច់គេមែន តែការស៊ែររបស់នាង គឺស្ថិតនៅក្រោម Miss Grand របស់វៀតណាមបន្តិច គឺបេក្ខនារីវៀតណាម​ទទួលបាន​ការ Share រហូតដល់​ជិត ២.៥លាននាក់ តែការ Like នាង​ទទួលបាន​តែជាង ៥៩,០០០នាក់ប៉ុណ្ណោះ។

ការបោះឆ្នោតនេះត្រូវបានកំណត់ថា ប្រសិនបើមានអ្នក Like ម្ដង គឺទទួលបាន ១ពិន្ទុ ហើយប្រសិនបើមានអ្នក Share ចំនួនម្ដង គឺទទួលបានរហូតដល់ទៅ ៥ពិន្ទុ។ ដូច្នេះនៅចាំអ្វីទៀត Like និង Share ឱ្យបានកាន់តែច្រើន ដើម្បីគាំទ្របេក្ខនារីខ្មែរ​យើងឱ្យលិចធ្លោរឡើងលើ​ឆាកអន្តរជាតិ។ នេះជាឱកាសដែល​យើងគប្បីអនុវត្តទ្រិស្ដីដ៏​សំខាន់មួយ ដែលយើងតែង​តែនិយាយថា «ស្រលាញ់ជាតិ​ដ៏កម្សត់មួយនេះ» និងព្យាយាមបោះឆ្នោតបន្ថែមទៀត តាមរយៈការ Share និង Like គ្រប់ៗគ្នា។

គួរបញ្ជាក់ថា បច្ចុប្បន្នបេក្ខនារីមកពីប្រទេសចំនួន ៥ ដែលកំពុងមានសន្ទុះគាំទ្រ​ច្រើនជាងគេ​នៅក្នុង Facebook នោះគឺ កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី ហៃទី និងម៉ិចស៊ីកូ។

ខាងក្រោមនេះ ជារបៀបបោះឆ្នោតជូនបក្ខនារីកម្ពុជា៖

ទី១៖ ចូលទៅកាន់៖ សូមចុចទីនេះ ដើម្បីទស្សនារូបភាពបង្ហាញម៉ូតរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាដទៃទៀត។

ទី២៖ លោកអ្នកនឹងឃើញរូប Miss Grand កម្ពុជា គឺកញ្ញា ឌី លីកា ឈរបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់សោភា។ នៅពីក្រោមរូបភាព មានពាក្យសរសេរថា Miss Grand Cambodia: Dy Lika។

ទី៣៖ បន្ទាប់មក លោកអ្នកគ្រាន់តែ Like និង Share ឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានជាការស្រេច។

សូមបញ្ជាក់ដែរថា ការបោះឆ្នោតជូនបវរកញ្ញាទាំង២០ប្រទេសនេះ រួមទាំងកម្ពុជាផងដែរ នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៥៖០០នាទីល្ងាច។ ចំណែកឯការប្រកាសជ័យលាភី Miss Grand International នេះ នឹងត្រូវធ្វើឡើងនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។

មួយវិញទៀត គណៈកម្មការវាយតម្លៃ ក៏នឹងវាយតម្លៃជ្រើសរើសបេក្ខនារី ៥ប្រទេស (Top5) ដែលមានសម្លៀកបំពាក់ប្រពៃណីល្អដាច់គេ និងពិន្ទុខ្ពស់ជាងគេ ព្រមទាំង៥នាក់ផ្សេងទៀត ជ្រើសរើសដោយគណៈកម្មការផ្ទាល់តែម្តង​។

កុំភ្លេចណា! ចូលរួមបោះឆ្នោតតាមរយៈ Like និង Share ជូនកម្ពុជាឱ្យបានច្រើនជាងគេបំផុត «កម្ពុជារីកចម្រើន កម្ពុជាល្បីល្បាញបាន គឺដោយសារការចូលរួមពីយើងទាំងអស់គ្នា»