(ប៊ែរឡាំង)៖ យន្តហោះខ្នាតតូចមួយគ្រឿង​បានបុកមនុស្ស០៣នាក់ និងរបួស០៥នាក់ទៀតស្រប​ពេល​កំពុង​ព្យាយាម​ចុះ​ចត​នៅ​លើ​ភ្នំវ៉ាសឺកាប៉េ (Wasserkuppe) ដែល​ស្ថិត​នៅ​រដ្ឋហេស (Hesse) ភាគកណ្តាលប្រទេសអាល្លឺម៉ង់។ នេះបើតាមការដក​ស្រង់​ការ​ផ្សាយ​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។

ខណៈពេលកំពុងធ្វើការចុះចត យន្តហោះខ្នាតតូចខាងលើបាន បុកកាត់រនាំងហើយក៏ជ្រុលសំដៅឆ្ពោះទៅរកហ្វូងមនុស្ស​ថែម​ទៀត ដែលនៅចុងផ្លូវនៃព្រលាន។ ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សស្លាប់០៣នាក់ ក្នុងនោះមានមនុស្សពេញវ័យ០២នាក់និង​ក្មេង​ប្រុសអាយុប្រហែល១០ឆ្នាំម្នាក់។

គួរជម្រាបថា យន្តហោះខាងលើមានប្រភេទ Cessna ត្រូវគេរាយការណ៍ថា ជាកម្មសិទ្ធិឯកជន។ ដោយឡែក មូលហេតុនៅពី​ក្រោយគ្រោះថ្នាក់នេះ នៅពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ខណៈអាកាសធាតុមានសភាព​ប្រសើរធម្មតានៅពេលកើតហេតុ​៕