(វ៉ាស៉ីនតោន)៖ ទោះបីជាអារ៉ាប៊ីសាអូឌីតបានបដិសេធយ៉ាងណាក្តី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នា​ថ្ងៃ​សៅរ៍នេះ បាន​សន្យាថានឹងវែករកការពិតឲ្យដល់ទីបញ្ចប់ ជុំវិញការបាត់ខ្លួនរបស់អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត​មួយរូប ហើយលោក ក៏បានព្រមានផងដែរថា ប្រសិនបើអារ៉ាប៊ីសាអូឌីត ពិតជានៅពីក្រោយរឿងនេះមែននោះ ​សហ​រដ្ឋអាមេរិក នឹងធ្វើការដាក់ពិន័យយ៉ាងចាស់ដៃជាក់ជាពុំខាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌​មាន​រុស្ស៉ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។

យ៉ាងណាមិញ បើតាមការលើកឡើងនាពេលថ្មីៗនេះរបស់លោក ត្រាំ ការដាក់ពិន័យនោះ ប្រហែលជាពុំពាក់​ព័ន្ធ​ទៅ​នឹង​គម្រោងលក់សព្វាវុធ​ទំហំរាប់រយ​ពាន់លានដុល្លារ ទៅឲ្យអារ៉ាប៊ីសាអូឌីតនោះឡើយ។ ដោយឡែក ការព្រមាន​​ខាងលើនេះ​របស់លោកប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើង បន្ទាប់ពី​រដ្ឋមន្រ្តីមហាផ្ទៃ​អារ៉ាប៊ីសាអូឌីត បាន​ចេញ​មុខ​ទាត់​ចោល​ការសង្ស័យ​ក៏ដូចជាចោទប្រកាន់ដែលថា​ ទីក្រុងរីយ៉ាដ បាន​បញ្ជា​ឲ្យ​មាន​ការ​ធ្វើ​ឃាត​អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត​ឈ្មោះ Jamal Khashoggi។

គួរជម្រាបថា លោក Khashoggi ដែលមួយរយៈចុងក្រោយ​នេះ បានបម្រើការឲ្យសារព័ត៌មានអាមេរិក The Washington Post បានបាត់ខ្លួននៅប្រទេសតួកគី កាលពីសប្តាហ៍មុន ហើយបើតាមការបញ្ជាក់ពីគូដណ្តឹងរបស់​លោក អ្នកកាសែតរូបនេះ ត្រូវបានអញ្ជើញទៅកាន់ស្ថានកុលស៊ុល​អារ៉ាប៊ីសាឌីត នៅទីក្រុងអ៉ីស្តង់ប៊ុល កាលពីថ្ងៃទី​០២ ខែតុលា ហើយរហូតមកទល់ពេលនេះមិនឃើញចាកចេញពីទីនោះវិញឡើយ៕