(​នេប៉ាល់)៖ អ្នកឡើងភ្នំ​យ៉ាងហោចណាស់ ០៩នាក់ ក្នុងនោះមានជនជាតិ​កូរ៉េខាងត្បូង ០៥នាក់ និងនេប៉ាល់ ០៤នាក់ បានបាត់បង់ជីវិតនៅ​ក្នុងគ្រោះបាក់ផ្ទំាង​ទឹកកកដ៏ធំមួយ ​នៅឯតំបន់​ជួរភ្នំ​ហិម៉ាល័យ (Himalayas) នៃភាគខាង​លិចប្រទេស​នេប៉ាល់។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះដែរ បើតាម​សារព័ត៌មាន Himalayan Times ការរអិល​បាក់ផ្ទំាង​ទឹកកក​ខាងលើ កើតមានឡើង​បន្ទាប់ពីមាន​ព្យុះព្រិល​ដ៏ធំមួយ ដែលបណ្ដាឱ្យ​ផ្ទាំងទឹកកកបាក់សង្កត់​ជំរុំស្នាក់នៅមួយកន្លែង​ នៅលើភ្នំ ហ្គួចា (Gurja)​ ជាទីដែល​អ្នកឡើងភ្នំរង់ចាំ​អាកាសធាតុល្អ ដើម្បីបន្តដំណើរ​ទៅកាន់ជំរុំ​ផ្សេងទៀត។

គួរបញ្ជាក់ថា សោកនាដកម្ម​នេះបានកើតឡើងកាលពី​ល្ងាចថ្ងៃសុក្រ ហើយសាកសពអ្នកឡើង​ភ្នំ ត្រូវបានគេរកឃើញ​នៅក្នុងតង់​របស់ពួកគេ ខណៈឧទ្ធម្ភាគចក្រ​ជួយសង្រ្គោះ​មួយគ្រឿងត្រូវបានបញ្ជូន​ទៅកន្លែង​កើតហេតុ៕