(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តសុខជាតិ​អាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថា បញ្ហាដ៏ធំរបស់​សហរដ្ឋអាមេរិក​នៅក្នុង​សតវត្សរ៍ទី ២១ នេះគឺចិន ដែល​កំពុងអភិវឌ្ឍន៍​សេដ្ឋកិច្ច និងបង្កើនអំណាច​យោធារបស់ខ្លួន​ ដោយរំលោភលើបទដ្ឋាន​អន្តរជាតិ។ នេះ បើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។

ការលើកឡើង​របស់លោក John Bolton ធ្វើឡើងនៅក្នុងបទ​សម្ភាសន៍ផ្សាយផ្ទាល់​តាមវិទ្យុ នៅថ្ងៃសុក្រ​សប្ដាហ៍នេះ។ លោក Bolton បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ជាការពិត​ណាស់ ខ្ញុំគិតថា​ចិនគឺជាបញ្ហាដ៏ធំរបស់​សហរដ្ឋអាមេរិក​ នៅក្នុងសតវត្សរ៍ទី ២១ នេះ»។ ទីប្រឹក្សា​សន្តិសុខជាតិ​រូបនេះបានបន្ថែមទៀតថា ចិនកំពុងអភិវឌ្ឍន៍​សេដ្ឋកិច្ចដោយរំលោភបំពាន​លើបទដ្ឋាន​អន្តរជាតិ ជាពិសេស​គឺច្បាប់ពាណិជ្ជកម្ម​ចាប់តាំងពីទីក្រុង​ប៉េកាំង ចូលរួមក្នុងអង្គការ​ពាណិជ្ជកម្មពិភពលោក​មក ហើយតាមរយៈ​អំណាចសេដ្ឋកិច្ច​នេះ បានសម្រួលឱ្យ​ចិនកាន់តែពង្រីក​អំណាចយោធា។

គួរបញ្ជាក់ថា បើតាម​លោក John Bolton សកម្មភាព​របស់នាវាចម្បាំងចិន​ ដែលចូលមកក្បែរ និងស្ទើរតែបុកទង្គិចគ្នា​ជាមួយ នាវាពិឃាត​អាមេរិក​ក្នុងតំបន់សមុទ្រចិនខាងត្បូង នាពេលថ្មីៗនេះ គឺជាឧទាហរណ៍​មួយបង្ហាញយ៉ាង​ច្បាស់ថា ចិនប្រកាន់ ភ្ជាប់នូវឥរិយាបថ​បង្កគ្រោះថ្នាក់​បែបណា។

ទោះបីជាបែបនេះក្តី ទីក្រុងប៉េកាំង​​តែងតែបញ្ជាក់ប្រាប់អាមេរិកវិញថា ទង្វើរបស់ចិន​ទាំងឡាយទាំងការអភិវឌ្ឍ​សេដ្ឋកិច្ច និងយោធា គឺអនុឡោមទៅតាមច្បាប់ និងកាតព្វកិច្ចអន្តរជាតិជានិច្ច ហើយអាមេរិក​ទៅវិញ​ទេ ដែលតែងតែប្រើប្រាស់អំណាចលេខ ១ របស់ខ្លួន ដើម្បីគាបសង្កត់ប្រទេសតូចៗ ទាំងដែល​អាមេរិក​គ្មានតួនាទីអ្វីសោះ​នៅក្នុងដែន​សមុទ្រចិនខាងត្បូង​ជាដើម៕