(សេអ៊ូល)៖ សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rodong Sinmun នៅថ្ងៃសុក្រនេះ បានកត់សម្គាល់ថា ទីក្រុងព្យុងយ៉ាង​ត្រៀមខ្លួនរួចជាស្រេច​ ដើម្បីបន្តរស់រានមានជីវិត បើទោះជាត្រូវទ​ទួលរងទណ្ឌកម្ម​សេដ្ឋកិច្ចរយៈពេល ១០០ឆ្នាំក៏ដោយ តាមរយៈការពឹងផ្អែក​លើកម្លាំងខ្លួនឯង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។

នៅក្នុងបទ​អត្ថាធិប្បាយ​រិះគន់ ចំពោះការដាក់​ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់​អន្តរជាតិ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក Rodong Sinmun ក៏បានអំពាវនាវផងដែរ​ឱ្យប្រជាជនកូរ៉េខាងជើង​ទាំងអស់ ចូលរួមជា​មួយរដ្ឋាភិបាលទីក្រុង​ព្យុងយ៉ាង តាមរយៈការ ពឹងផ្អែកលើ​កម្លាំងខ្លួន ក្នុង​ការទប់ទល់ជា​មួយការដាក់ទណ្ឌកម្ម​ ពីសំណាក់សត្រូវរបស់​កូរ៉េខាងជើង។

Rodong Sinmun បានគូស​បញ្ជាក់យ៉ាង​ដូច្នេះថា «សត្រូវរបស់យើង​កំពុងដាក់ទណ្ឌកម្ម​សង្កត់ករបស់យើង បន្ទាប់ពីពួក​គេបរាជ័យក្នុង​ការផ្ដូលរំលំ កូរ៉េខាងជើង​ដោយប្រើប្រាស់​កម្លាំងយោធា... ឱ្យពួកគេបន្ត​ដាក់ទណ្ឌកម្មចុះ​មិនថា ១០ឆ្នាំ ឬក៏ ១០០ឆ្នាំ ក៏យើងនៅ​តែអាចបន្ត​រស់នៅ ហើយនឹងហែល​ឆ្លងរាល់ឧបសគ្គ ដើម្បីក្លាយជាមហាអំណាច​ពិភពលោកមួយ​ តាមការចង់​បានរបស់​ប្រជាជន​យើង»

គួរជម្រាបថា ការលើកឡើង​របស់ Rodong Sinmun កើតមានឡើង​ក្រោយនៅក្នុងកិច្ចប្រជុំ​ត្រីភាគីនា​ពេលថ្មីៗនេះ ចិន រុស្ស៊ី និងកូរ៉េខាងជើង បានស្នើឱ្យ​មានការបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្មប្រឆាំង​នឹងទីក្រុងព្យុងយ៉ាង ដើម្បីទទួលបានមក​វិញ នូវការរំសាយអាវុធនុយក្លេអ៊ែរ​នៅលើឧបទ្វីបកូរ៉េ៕