(ផាលូ)៖ ការអប់រំប្រជាជន​ពីរបៀបការពារខ្លួន នៅពេលមាន​គ្រោះរញ្ជួយដី ត្រូវបានចោទ​សួរឡើងយ៉ាងផុលផុស​ នៅក្នុង​ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពី​គ្រោះរញ្ជួយដីវាយប្រហារ​ប្រទេសក្នុង​តំបន់អាស៊ីអាគ្នេយ៍មួយនេះ ​ជាបន្តបន្ទាប់​ក្នុងឆ្នាំ២០១៨ នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។

គ្រោះរញ្ជួយដី​កម្រិត ៧.៥រ៉ិចទ័រ និងរលកយក្ស​ស៊ូណាមិ ដែលបាន​វាយប្រហារលើកោះ Sulawesi កាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ បានផ្ដាច់យកជីវិតមនុស្ស ២,០៧៣នាក់ ខណៈជាង ៥,០០០នាក់ ត្រូវបានគេជឿ​ជាក់ថា នៅបាត់ខ្លួន​ក្រោយគ្រោះ​មហន្ដរាយនេះ។ «រាល់គ្រោះ​មហន្តរាយ គឺជាមេរៀនមួយសម្រាប់ការ​សិក្សា»។ នេះគឺជា​ការលើកឡើងរបស់ អ្នកនំាពាក្យ​ទីភ្នាក់ងារគ្រប់គ្រងគ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី លោក Sutopo Purwo Nugroho នៅក្នុងសប្ដាហ៍នេះ។

លោក Nugroho បន្ថែមទៀតថា ប្រទេសឥណ្ឌូណេស៊ី មានកញ្ចប់ថវិកា ២៦២លានដុល្លារ ឬស្មើនឹង០.០០២ភាគរយ នៃកញ្ចប់ថវិការដ្ឋ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនានា។ ប៉ុន្តែ លោកនៅតែអះអាងថា ឥណ្ឌូណេស៊ីត្រូវការ​កញ្ចប់ថវិកា​បន្ថែម និងរៀនសូត្រ​ពីរបៀបត្រៀមខ្លួន​ ទប់ទល់នឹងគ្រោះមហន្តរាយ​ពីប្រទេស​ជប៉ុន។

តែទោះជា​យ៉ាងនេះក្ដី ក្រុមអ្នករិះគន់មួយចំនួន​បានបន្ទោសអាជ្ញាធរ​ ទាក់ទិននឹង​ការអប់រំ ក៏ដូចជាការ​ប្រកាសអាសន្នឱ្យ​ប្រជាជនត្រៀមខ្លួន​ នៅពេលជួបគ្រោះ​មហន្តរាយ​ម្ដងៗ។ ពួកគេ​យល់ថា ការអប់រំ​ការប្រកាសសញ្ញាអាសន្ន ការហ្វឹកហាត់ ពីរបៀបការពារខ្លួន ក៏ដូចជាការរត់គេចខ្លួនទៅរកកន្លែងមានសុវត្ថិភាព នៅតែមានកង្វះខាតនៅឡើយចាប់តាំងពី គ្រោះមហន្តរាយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤។ ពោលគឺ​ដោយសារ​តែកង្វះខាតទាំងនេះ ទើបធ្វើឱ្យប្រជាជន​ឥណ្ឌូណេស៊ីមួយចំនួន មិនដឹងពី​វិធីការពារខ្លួន​នៅពេលមានគ្រោះរញ្ជួយដីម្ដងៗ។

គួរជម្រាបថា ប្រទេសឥណ្ឌូណេស៊ី​គឺជាប្រទេសមួយ​ ដែលស្ថិតនៅលើ​តំបន់ខ្សែក្រវាត់ភ្លើងនៃតំបន់​ប៉ាស៊ីហ្វិក ដែលជាហេតុ​ធ្វើឱ្យប្រទេសមួយនេះ​ជាប់គ្រោះរញ្ជួយដី ឬបន្ទុះភ្នំភ្លើង​ជាញឹកញប់។ ចំណែកឯ​គ្រោះមហន្តរាយ​ដែលផ្ដាច់អាយុជីវិត​ប្រជាជន​ឥណ្ឌូណេស៊ីច្រើនជាងគេ​នោះគឺ រលកយក្សស៊ូណាមិកាល​ពីឆ្នាំ២០០៤ ដែលបាន​សម្លាប់មនុស្ស ១៦៨,០០០នាក់៕