(វ៉ាស៊ីនតោន)៖ ក្រសួង​ការពារជាតិ​អាមេរិក​បានឱ្យដឹងថា ខ្លួនបានសម្រេច​ចិត្តផ្អាកជាបណ្ដោះ​អាសន្នរាល់​ប្រតិបត្តិការ ហោះហើរ​ទាំងអស់របស់​យន្ដហោះចម្បាំង F-35 បន្ទាប់ពី​យន្ដហោះ​ចម្បាំង F-35B មួយគ្រឿងបាន​ធ្លាក់កាលពី​ខែកញ្ញា កន្លងទៅ។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍ចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងការពារជាតិ​អាមេរិក​បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក និងដៃគូអន្តរជាតិទាំងអស់ បានសម្រេច​ចិត្តផ្អាកជាបណ្ដោះអាសន្ន​ នូវរាល់ប្រតិបត្តិការ​ហោះហើរ​របស់​យន្ដហោះ​ចម្បាំងប្រភេទ F-35 ខណៈក្រុមជំនាញកំពុងត្រួតពិនិត្យ ផ្នែក​តួប៊ីន-ឥន្ធនៈនៃម៉ាស៊ីន​យន្ដហោះ F-35 ទាំង​អស់»។ បន្ថែមពីលើនេះ​សេចក្ដីថ្លែងការណ៍​ដដែល ក៏បានឱ្យដឹងដែរ​ថា ការត្រួតពិនិត្យនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅរយៈ​ពេល ២៤ម៉ោង ទៅ ៤៨ម៉ោង​ខាងមុខ។

គួរបញ្ជាក់ថា ការសម្រេចចិត្តផ្អាក​ការហោះហើរខាងលើ ធ្វើឡើងបន្ទាប់ពីយន្ដហោះចម្បាំង F-35B មួយគ្រឿងបានធ្លាក់​នៅឯរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina) កាលពីខែកញ្ញា​កន្លងទៅ។ ប៉ុន្តែ​មូលហេតជាក់លាក់​មិនត្រូវបានគេឱ្យដឹង​នោះទេ ខណៈការ ធ្លាក់នេះគឺជា​លើកដំបូងបំផុតសម្រាប់​ប្រភេទយន្ដហោះចម្បាំង​ ថ្លៃជាងគេនៅលើ​ពិភពលោក F-35 គឺមួយគ្រឿង ១០០លានដុល្លារអាមេរិកនេះ។ យន្ដហោះចម្បាំង F-35 គឺជាផលិតផល​របស់ក្រុមហ៊ុនផលិត​អាវុធអាមេរិក Lockheed Martin ហើយវា​មានបីប្រភេទទៀតគឺ F-35A, F-35B និង F-35C៕