(ម៉ូស្គូ)៖ ការធ្វើតេស្ដ​បឋម​ចំពោះឧទ្ធម្ភាគចក្រយោធា​ដឹកជញ្ជូនធុនធ្ងន់ ទំនើបចុង​ក្រោយបំផុត Mi-26T2V ត្រូវបាន​គេរំពឹងថា នឹងបញ្ចប់ទំាងស្រុងនៅ​ត្រឹមចុងឆ្នាំ២០១៨ នេះ​មុននឹង​ការធ្វើតេស្ដ​សាកល្បងជាផ្លូវការ ​នឹងត្រូវចាប់ផ្ដើម​ធ្វើឡើង។ នេះបើតាម​ក្រុមហ៊ុន Russian Helicopters ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។

ថ្លែងប្រាប់ Sputnik ការិយាល័យ​ព័ត៌មានរបស់​ក្រុមហ៊ុន Russian Helicopters បានឱ្យដឹង​យ៉ាងដូច្នេះថា «ក្រុមហ៊ុន Russian Helicopters នឹងបញ្ចប់​ទាំងស្រុងនូវការ​ធ្វើតេស្ដបឋម​ឧទ្ធម្ភាគចក្រ​យោធា​ ដឹកជញ្ជូនធុនធ្ងន់ទំនើបចុងក្រោយ​បំផុត Mi-26T2V ក៏ដូចជានឹង​ចាប់ផ្ដើមធ្វើ​តេស្ដរួមគ្នា ជាមួយរដ្ឋាភិបាល​នៅចុង​ឆ្នាំ២០១៨ នេះ»។

គួរជម្រាបថា បើតាម​ក្រុមហ៊ុន Russian Helicopters ឧទ្ធម្ភាគចក្រ​យោធា Mi-26T2V ត្រូវបានបំពាក់​ដោយបរិក្ខា​ទំនើប​ជាច្រើន ដែលអាចអនុញ្ញាតឱ្យពីឡុត​បើកបរទាំង​នៅក្នុងស្ថានភាពទាំង​ពេលយប់ និងពេលថ្ងៃ ព្រមទាំងអាចប្រើប្រាស់​ក្នុងការដឹកជញ្ជូនបាន​ច្រើនយ៉ាង ជាមួយការបំពាក់​នូវប្រព័ន្ធប្រឆាំងនឹង​មីស៊ីល​ផងដែរ៕