(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានសន្យាថា​នឹងទម្លាយ​អាថ៌កាំងនៅពីក្រោយ​ការបាត់ខ្លួនរបស់ អ្នកសារព័ត៌មាន​អារ៉ាប៊ីសាអូឌីត​ម្នាក់ឈ្មោះ ហ្សាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅក្នុងស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​អ៊ីស្ដង់ប៊ូល ខណៈប្រព័ន្ធផ្សព្វ​ផ្សាយតួកគីរាយការណ៍​ថា រូបលោកត្រូវ​គេ​បាញ់សម្លាប់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

លោក Jamal Khashoggi ជាពលរដ្ឋ​អាមេរិក និងជាអ្នករិះគន់​ការដឹកនាំនៃរាជ្យវង្ស​អារ៉ាប៊ីសាអូឌីត បានចូល​ក្នុងស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​អ៊ីស្ដង់ប៊ូល កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ ដើម្បីទទួល​យកឯកសារ​សម្រាប់គំរោង រៀបអាពាហ៍ពិពិពាហ៍​របស់លោកជាមួយ​ស្ត្រីជាជនជាតិតួកគី​ម្នាក់ឈ្មោះ ហាធីស សិនជីស (Hatice Cengiz)។ ក៏ប៉ុន្តែ​នាង Hatice ជាគូដណ្ដឹង ដែលចំានៅខាង​ក្រៅស្ថានកុងស៊ុល​បានអះអាងថា លោក Khashoggi មិនបានចេញ​មកក្រៅវិញ​នោះទេ។

ដោយឡែក​ជុំវិញករណីបាត់ខ្លួននេះដែរ លោក ដូណាល់ ត្រាំ បានសន្យាថា នឹងទម្លាយអាថ៌កាំងនៅពីក្រោយការបាត់ខ្លួន​របស់ Khashoggi។ លោក ត្រាំ បានបញ្ជាក់​ប្រាប់អ្នក​សារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍​នេះដូច្នេះថា «យើងមិនអាច​ឱ្យរឿងបែបនេះកើតឡើង​លើអ្នកសារព័ត៌មាន និងនរណា​ម្នាក់នោះទេ... យើងកំពុងស្នើ​សុំព័ត៌មាន​លម្អិត ហើយយើង​នឹងបានដឹងថា មាន​អ្វីបានកើតឡើង»

គួរបញ្ជាក់ថា បើតាម​សេតវិមាន រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានពិភាក្សា​ពីបញ្ហានេះជាមួយ ព្រះអង្គម្ចាស់រាជទាយាត​អារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed Bin Salman) ស្របពេលប្រព័ន្ធ​ផ្សព្វផ្សាយតួកគី នាំគ្នាចុះ​ផ្សាយ​យ៉ាងព្រោងព្រាតថា លោក Khashoggi ត្រូវបានគេ​បាញ់សម្លាប់នៅ​ក្នុងស្ថានកុងស៊ុល។ ប៉ុន្តែ​ទីក្រុងរីយ៉ាដ​បានទាត់ចោល ការចោទ​ប្រកាន់នេះ បើទោះជាប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគីបានបង្ហាញវីដេអូ​សុវត្ថិភាពមួយ ដែលបង្ហាញថា ការបាត់ខ្លួនរបស់ អ្នកសារព័ត៌មាន​រូបនេះ មានជាប់ពាក់ព័ន្ធ​នឹងទីភ្នាក់ងារស៊ើបការណ៍​សំងាត់អាមេរិក​ក៏ដោយ៕