(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក មៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានអះអាងថា ប្រទេសស៉ីរីនឹងមិន​ទទួលបានជំនួយកសាង​ប្រទេសជាតិឡើងវិញ​ សូម្បីតែមួយសេន​ពីសហរដ្ឋអាមេរិកឡើយ បើសិនជា​កងកម្លាំងអ៉ីរ៉ង់មិន​ព្រមដកចេញពី​ប្រទេសដែល​កំពុងញំញីដោយសារ​សង្រ្គាមមួយនេះ​ទេនោះ។ នេះបើ​តាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

ថ្លែងនៅឯ​វិទ្យាស្ថានជនជាតិជ្វីប​សម្រាប់សនិ្តសុខជាតិ​អាមេរិក លោក ប៉ុមប៉េអូ បានលើក​ឡើងយ៉ាងដូច្នេះថា «បើសិនជា​កងកម្លាំងអ៉ឺរ៉ង់​មិនព្រមដកចេញ​ពីប្រទេសស៉ីរីទេនោះ ស៉ីរីកុំសង្ឃឹមថា​ទទួលបានជំនួយសូម្បី​តែមួយសេន សម្រាប់​យកទៅ អភិវឌ្ឍន៍ប្រទេសជាតិឡើង​វិញ»

គួរជម្រាបថា កាលពីសប្ដាហ៍មុន​បេសកជនពិសេសអាមេរិក​សម្រាប់ស៉ីរី លោក ជីម ចេហ្វហ្វ្រេយ (Jim Jeffrey) ធ្លាប់បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបញ្ឈប់រាល់​ការផ្ដល់ជំនួយស្ដារប្រទេស​ឡើងវិញ​ដល់ស៉ីរី រហូតទាល់តែ​មានការរីកចំរើន​ក្នុងការស្វែង រកដំណោះ​ស្រាយនយោបាយ​ ក្រោមការជ្រោមជ្រែង​ពីអង្គការ​សហប្រជាជាតិ។

លើសពីនេះទៅទៀត ទីប្រឹក្សាសន្តិសុខជាតិអាមេរិកក៏​បានសង្កត់ធ្ងន់ដែរថា ទីក្រុងវ៉ាស៊ីនតោន​នឹងមិនដកកង​ទ័ពជាង ២,០០០នាក់ ចេញពីប្រទេស​ស៉ីរីឡើយ បើកងកម្លាំងអ៉ីរ៉ង់​នៅតែមានវត្តមាន​នៅក្នុងប្រទេស​ស៉ីរី៕