(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណាល់​ ត្រាំ បាននិយាយថា កូរ៉េខាងត្បូងនឹងមិនដក​ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងកូរ៉េខាងជើង​ជាឯកតោភាគីជា​ដាច់ខាត បើគ្មានការយល់ព្រមពី​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

ការកត់​សម្គាល់បែបនេះរបស់​លោក ដូណាល់​ ត្រាំ ធ្វើឡើងតែប៉ុន្មាន​ម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) បានឱ្យដឹងថា ទីក្រុងសេអ៊ូល​កំពុងពិចារណាថា​ តើគួរតែដក​ទណ្ឌកម្មសេដ្ឋកិច្ច​ឯកតោភាគី ពីទីក្រុងព្យុងយ៉ាង ឬក៏យ៉ាងណា។ ទណ្ឌកម្មសេដ្ឋកិច្ចនេះ ត្រូវបានអនុវត្តន៍ក្រោយ​កូរ៉េខាងជើង​​បាញ់ពន្លិចនាវាចម្បាំង កូរ៉េខាងត្បូង​មួយគ្រឿងកាល​ពីឆ្នាំ២០១០។

ក៏ប៉ុន្តែថ្លែងនៅចំពោះមុខ​អ្នកសារព័ត៌មាន​នៅឯសេតវិមាន​ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ពួកគេ (កូរ៉េខាងត្បូង) នឹងមិនដកទណ្ឌកម្ម​សេដ្ឋកិច្ច ដោយគ្មាន​ការយល់ព្រមរបស់​យើងនោះទេ។ ពួកគេនឹងមិន​អាចធ្វើអ្វីឡើយ ដោយគ្មានការអនុញ្ញាត​ពីពួកយើង»។

គួរបញ្ជាក់ថា ស្ថានភាពនៅ​លើឧបទ្វីបកូរ៉េ មានសភាពស្ងប់ស្ងាត់​គួរឱ្យកត់សម្គាល់ ក្រោយជំនួបទាំងបី​លើករវាង លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន។ ប៉ុន្តែ​ទោះជាមាន​ភាពស្ងប់ស្ងាត់ក៏ពិតមែន សហរដ្ឋអាមេរិក​នៅតែបញ្ជាកជំហរ​ជាដដែលៗថា ទណ្ឌកម្មប្រឆាំងនឹងទីក្រុង​ព្យុងយ៉ាង នឹងមិនអាច​ត្រូវបានដក ឬបន្ធូរបន្ថយ​ជាដាច់ខាត បើសិនជាកូរ៉េខាងជើង​មិនរំសាយ​ចោល នូវអាវុធនុយក្លេអ៊ែរ​របស់ខ្លួនទាំងស្រុង​ជាមុន៕