(កេនយ៉ា)៖ គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់មួយ បានកើតឡើង​នៅក្នុងទីក្រុង Kericho នៃភាគឦសាន​ប្រទេសកេនយ៉ា នៅព្រឹកថ្ងៃពុធនេះ​តែម្តង (ម៉ោងនៅតំបន់​អាហ្វ្រិកកណ្តាល) ដោយរថយន្តក្រុង​ដឹកមនុស្ស ៥២នាក់ បានជួបឧប្បដិហេតុ​នៅតាមដងផ្លូវ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។

លោក James Mugera មេបញ្ជាការ​ប៉ូលិសប្រចាំទីក្រុង Kericho បានបញ្ជាក់ថា រថយន្តក្រុងខាងលើនេះ​បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេលកំពុងធ្វើ​ដំណើរ​ទៅតំបន់ Kakamega ក្រោយពីបានចាកចេញ​ពីរដ្ឋធានីណៃរ៉ូប៊ី។

គួរបញ្ជាក់ថា មិនទាន់មានការ​បញ្ជាក់អំពីចំនួនមនុស្សរងរបួស​នោះឡើយ ខណៈមនុស្ស​ស្លាប់ទាំង ៤២នាក់ ក៏មិនទាន់ត្រូវបានគេដឹងថា ជាអ្នកជិះនៅលើរថយន្តក្រុង​នោះ​ទាំងអស់ ឬមួយក៏សរុបទាំងអ្នក​ដែលធ្វើដំណើរលើផ្លូវ​ជាមួយគ្នា ដែលរថយន្តក្រុង​បានកើតមាន​គ្រោះ​ថ្នាក់​ចរាចរណ៍នោះដែរ៕