(យូអិន)៖ ក្រោយពីទទួល​បានដំណឹងនៃការលាលែង​ចេញពីតំណែង របស់លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំនៅអង្គការ​សហប្រជាជាតិ (UN) នោះ​អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គួទែរែស បានសម្តែង​នូវការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅក្រៃលែង​ចំពោះលោកស្រី ដែលបានបំពេញ​ការងារបានយ៉ាងល្អប្រសើរ និងជួយជ្រោមជ្រែង​​ស្ថាប័នកំពូលអន្តរជាតិនេះ​កន្លងមក។ នេះបើតាម​ការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​អគ្គលេខាធិការ UN បានបញ្ជាក់ថា អំឡុងនៃការកាន់​តំណែងរបស់អគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅ UN នេះលោកស្រី Haley និងលោក ហ្គួទែរែស បានបង្កើត​នូវចំណងទាក់ទងផ្នែក​ការងារប្រកប​ដោយផ្លែផ្កាខ្លាំងណាស់ ជាពិសេសគឺរវាង​សហរដ្ឋអាមេរិក និងស្ថាប័ន​កំពូល​លើលោកមួយ​នេះតែម្តង ដើម្បីជាប្រយោជន៍​សម្រាប់ស្ថាប័ន UN ទាំងមូល។ បច្ចុប្បន្ននេះ ​លោក​អគ្គលេខាធិការ​មិនទាន់ទទួល​បានការបញ្ជាក់​​ណាមួយ ពី​លោកស្រី Haley ចំពោះការ​លាលែង​នេះឡើយ ដោយលោក​​កំពុងជាប់រវល់បំពេញ​​ទស្សនកិច្ចនៅ​​ឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា នៅថ្ងៃទី០៩ ខែតុលា ម្សិលមិញនេះ​លោកស្រី Nikki Haley បានប្រគល់លិខិត​លាលែងចេញពី​តំណែងជូន​ដល់ លោក ដូណាល់ ត្រាំ ហើយប្រធានាធិបតី​អាមេរិករូបនេះ​ក៏បានបញ្ជាក់​ងដែរថា លោកបានទទួលលិខិត​របស់លោកស្រីហើយ ដោយ​លោកស្រី Haley នឹងលាលែងចេញ​ពីតំណែងជាផ្លូវការ​នៅចុងឆ្នាំ២០១៨។

ទោះបីមិនទាន់មានមូលហេតុជាក់ច្បាស់ណាមួយ ដែលបញ្ជាក់ពីកាលែងចេញ​ពីតំណែងដ៏គួរ​ឲ្យភ្ញាក់ផ្អើល របស់មន្ត្រីជំនិត​បំផុតរបស់រដ្ឋបាល​លោក ដូណាល់ ត្រាំ នេះក្តី​ក៏លោក ត្រាំ បាន​បញ្ជាក់ហើយថា លោកស្រី Nikki ធ្លាប់បាន​ប្រាប់ពីលោកពីចេតនា​ចង់លាលែងនេះ តាំងតែ​ពីរយៈពេល ៦ ខែមុន​មកម្ល៉េះ ដោយលោកស្រី​បានអះអាងថា ចង់យកពេល​សម្រាក។

លោកស្រី Haley គឺជាមន្ត្រីដែល​បានបម្រើ​លោក ដូណាល់ ត្រាំ តាំងតែពីលោក​ស្បថឡើង​កាន់តំណែងជា​ប្រធានាធិបតីអាមេរិក កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ ហើយស្នាដៃដែល​គួរឲ្យកត់សម្គាល់របស់​លោកស្រី គឺការព្យាយាមការពារនយោបាយ​របស់រដ្ឋបាល​លោក ដូណាល់ ត្រាំ នៅលើឆាក​អន្តរជាតិ ជាពិសេសគឺការ​ទាញ​សហរដ្ឋអាមេរិក​ឲ្យចាកចេញពី​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ UN ដែលកាលណោះ​លោកស្រីបានហៅ​ស្ថាប័នេះថា ជាបរាជ័យដ៏អាក្រក់​មួយរបស់ UN៕