(កៀវ)៖ ឃ្លាំងផ្ទុកគ្រាប់ និងអាវុធរបស់​យោធាអ៊ុយក្រែនដែល​ស្ថិតនៅទីក្រុង Chernihiv ចម្ងាយ ១៧៦គីឡូម៉ែត្រ​នៃភាគខាងកើតរដ្ឋធានីកៀវ បានបង្ខំឲ្យប្រជាជន​ដែលរស់នៅក្បែរ​ខាងនោះ​សរុបជាង ១០,០០០នាក់ ជម្លៀសចេញ​ទៅកាន់តំបន់​សុវត្ថិភាព។ នេះបើ​តាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នាល្ងាច​ថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។

ហេតុការណ៍ផ្ទុះ និងឆាបឆេះខាងលើនេះ បានកើតមាន​ឡើង​វេលា​ព្រឹកថ្ងៃអង្គារនេះតែម្តង (ម៉ោងនៅ​ទីក្រុងកៀវ) ខណៈមូលហេតុ​នៃការផ្ទុះឆេះនេះ គឺមិនទាន់ត្រូវបានបញ្ជាក់ពី​អាជ្ញាធរអ៊ុយក្រែន​នោះឡើយ ហើយទីក្រុងដែល​កើតហេតុការណ៍ផ្ទុះឃ្លាំង​ស្តុបគ្រាប់ និងអាវុធនេះ គឺមានទីតាំងនៅ​ជាប់ព្រំដែនជាមួយ​ប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ដែនអាកាសតំបន់ព័ទ្ធជុំវិញឃ្លាំងគ្រាប់ដែលបានផ្ទុះ ក្នុងកាំរង្វង់ ២០គីឡូម៉ែត្រ គឺត្រូវបិទជា​បណ្តោះអាសន្ន ហើយមនុស្សម្នាបាន​និងកំពុងចេញពីតំបន់នោះ​ជាបន្តបន្ទាប់ រហូតដល់ចំនួនកំណត់ជាង ១០,០០០នាក់។ គិតមកទល់​នឹង​ពេលនេះ គឺមិនទាន់មានការ​បញ្ជាក់​ព័ត៌មានណាមួយថា មានមនុស្សស្លាប់ ឬក៏រងរបួស​នៅក្នុងការ​ផ្ទុះនោះឡើយ ខណៈក្រុមជំនាញ​យោធាអ៊ុយក្រែន កំពុងតែត្រួត​ពិនិត្យកន្លែងកើតហេតុនៅ​ឡើយ៕