(ម៉ូស្គូ)៖ ប្រមុខដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញ​សម្តេច ប៉ុប ហ្វ្រង់ស៊ី (Pope Francis) នៃសាសនាគ្រិស្តមកបំពេញទស្សនកិច្ចជាផ្លូវការ នៅទីក្រុងព្យុងយ៉ាង​ជាលើកដំបូងបំផុត ហើយលិខិត​​អញ្ជើញនេះ​បានផ្ញើទុកនៅ​ប្រធានាធិបតី​​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដើម្បីលោកអាចជូនដោយ​ផ្ទាល់​ដៃទៅដល់​សម្តេច Pope។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នារសៀល​​ថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។

ជុំវិញព័ត៌មាន​ខាងលើនេះ អ្នកនាំពាក្យប្រធានាធិបតី​កូរ៉េខាងជើង គឺលោក Kim Eui-kyeom បានបញ្ជាក់ថា «លោកប្រធាន គីម បាននិយាយថា លោកនឹងរៀបចំកិច្ចទទួលស្វាគមន៍​សម្តេច Pope យ៉ាងកក់ក្តៅបំផុត ប្រសិនបើសម្តេច​ធ្វើដំណើរមកបំពេញទ​ស្សនកិច្ចនៅទីក្រុង​ព្យុងយ៉ាង»។ អ្នកនាំពាក្យរូបនេះ​បានបន្ថែមទៀតថា លោក មូន ជែអ៊ីន នឹងទៅបំពេញ​ទស្សនកិច្ច​នៅបុរីវ៉ាទីកង់ ជាទីដែលសម្តេច Pope គង់នៅ ដើម្បីជួបពិភាក្សាគ្នា ហើយក្នុង​ឱកាសនោះ លិខិត​យាង និងអញ្ជើញរបស់​លោក គីម នឹងត្រូវប្រគល់​ជូនសម្តេចដោយ​ផ្ទាល់។

គួរបញ្ជាក់ថា សេចក្តីប្រកាស​​អំពីការអញ្ជើញ​​សម្តេច Pope Francis នៃ​សាសនា​គ្រិស្ត បានកើតមាន​ឡើងតែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចពិភាក្សា​​រវាងថ្នាក់ដឹកនាំ​​កូរ៉េខាងជើង និងរដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo នៅទីក្រុងព្យុងយ៉ាង​បានបញ្ចប់ទៅ​ប្រកបដោយ​ផ្លែផ្កា ហើយជំនួប​កំពូល ត្រាំ-គីម ជាលើកទី ២ ក៏នឹងកើត​មានក្នុងពេលឆាប់ៗ​ផងដែរ ដោយសារតែកូរ៉េខាងជើងបាន​សន្យាធ្វើការបើកចំហជាងមុន និងប្តេជ្ញា​ជានិច្ច​ចំពោះ​កិច្ចសន្យា​លុបបំបាត់អាវុធ​នុយក្លេអ៊ែរ ចេញពីឧបទ្វីប​កូរ៉េ៕