(បាងកក)៖ យន្តហោះខ្នាត​ធំមួយគ្រឿង នៃអាកាសចរណ៍ថៃ​ប្រភេទ Boeing 747-400 ដឹកមនុស្ស​សរុប ១១៦នាក់ (សហសេវិក ១៨នាក់) បានរអិលចេញ​ពីផ្លូវចុះចត​នៅក្នុងព្រលាន​យន្តហោះ​សុវណ្ណភូមិ​ជាយទីក្រុងបាងកក កាលពីយប់ថ្ងៃចន្ទ តែសំណាងល្អ​ហេតុការណ៍នេះ​ពុំបាន​បណ្តាល​ឲ្យមនុស្សណាម្នាក់លើ​យន្តហោះនេះ ទទួលរងគ្រោះថ្នាក់​នោះឡើយ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយសារព័ត៌មាន​ថៃ​ បាងកកប៉ុស្តិ៍ នារសៀល​​ថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។

លោក Pratthana Pattanasirim ដែលជានាយកគ្រប់គ្រងផ្នែក​ស្តង់ដាសុវត្ថិភាពហោះហើរ និងសន្តិសុខថៃបានឲ្យដឹងថា TG 679 បានរអិលចេញផ្លូវព្រលាន ក៏ព្រោះពេលវាព្យាយា​មចុះ​ចតកាលពីវេលាម៉ោង ១០៖៤៨នាទីយប់នោះ អាកាសធាតុកំពុងតែមិនអំណោយផល ដោយមានភ្លៀង និងខ្យល់បោកបក់ខ្លាំង។ យន្តហោះនេះបានចាកចេញពីខេត្ត ក្វាងចូវ ប្រទេសចិនកាលពីវេលាម៉ោង ៨៖៥៨នាទីយប់។

គួរបញ្ជាក់ថា ក្រៅពីការភិតភ័យនោះ អ្នកដំណើរទាំងអស់ ៩៧នាក់ មិនមានគ្រោះថ្នាក់អ្វី​នោះឡើយ ដោយពួកគេបានចូលមកក្នុងអគារព្រមានជាធម្មតា និងរង់ចាំការដឹកជញ្ជូនសម្ភារៈ​របស់ពួកគេចេញពីយន្តហោះ។ ដោយឡែកកត្តាបង្កគ្រោះថ្នាក់នេះឡើង គឺស្ថិតនៅក្នុងការស៊ើបអង្កេត ដោយភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ថៃ៕