(ហុងកុង)៖ អស់រយៈពេល​ជាច្រើនថ្ងៃ ក្រោយពីការបាត់ខ្លួនយ៉ាង​អាថ៌កំបាំង នៃប្រធានស្ថាប័ន​ប៉ូលិស​​អន្តរជាតិ Interpol ដែលមានមូលដ្ឋាន​នៅទីក្រុង Lyon ប្រទេស​បារាំងនោះ ទីបំផុតទីក្រុង​ប៉េកាំង​ប្រកាសថា មេប៉ូលិសអន្តរជាតិរូបនេះ​​ពិតជាកំពុងជាប់ឃុំ​ ​នៅក្នុងប្រទេសចិនប្រាកដមែន ដើម្បីទទួល​ការ​ស៊ើបអង្កេត​ ​ពាក់ព័ន្ធនឹងអំពើ​​ពុករលួយ និងឧក្រិដ្ឋកម្ម។ នេះបើតាម​ការចេញផ្សាយ​ដោយកាសែត South China Morning Post ដែលមានមូលដ្ឋាន​ទីក្រុងហុងកុង នារសៀល​ថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨។

ទោះបីជាបាន​ប្រកាសអំពីការចាប់ឃុំខ្លួន លោក Meng Hongwei ក៏ដោយ ក៏រដ្ឋាភិបាលចិន​តាមរយៈអ្នកនាំ​ពាក្យរបស់ខ្លួន មិនបានបញ្ជាក់អ្វីលើស​ពីនេះដែរ ដោយគ្រាន់តែ​អះអាងថា អាជ្ញាធរចិនកំពុង​តែបើកការស៊ើបអង្កេត​លើរូបលោក ពាក់ព័ន្ធនឹងបទចោទ​ប្រកាន់មួយចំនួន ហើយទីក្រុងប៉េកាំង​ក៏បានបញ្ជាក់ទៀតដែរថា «លោក Meng បានលាលែង​​ចេញពី​តំណែង​ប្រធានស្ថាប័ន​ប៉ូលិសអន្តរជាតិ Interpol រួចរាល់ហើយ»

ប្រភពព័ត៌មានបានបន្តទៀតថា ភរិយារបស់លោក Meng គឺ​លោកស្រី Grace Meng ដែលកំពុង​ស្ថិតនៅប្រទេស​បារាំងនោះ កំពុងតែមាន​ការព្រួយបារម្ភជាខ្លាំង​ចំពោះសុវត្ថិភាពស្វាមី ព្រោះលោកស្រី​​បានទទួលសារចុងក្រោយ​ពីស្វាមី ដោយក្នុងនោះ​គឺជារូបស្ទីកខឺ Emoji កាំបិត។ ដោយឡែក​​ក្រសួងមហាផ្ទៃ​បារាំងវិញបានអះអាងថា លោកស្រី Grace មិនបាន​ជួបមុខ​ស្វាមីតាំងតែ​ពី​ថ្ងៃទី២៥ ខែកញ្ញា​មកម្ល៉េះ ប៉ុន្តែព័ត៌មាន​​នៃបាត់ខ្លួន​​លោក Meng គឺបានផ្ទុះ​ឡើង​កាល​ពី ០៤ ទៅ ០៥ថ្ងៃមុននេះ។

ការបាត់ខ្លួន​របស់លោក Meng គឺត្រូវបាន​សារព័ត៌មានដឹងលឺ ក្រោយ​ពីភរិយារបស់លោក បានទៅដាក់ពាក្យ​បណ្តឹងដល់អាជ្ញាធរប៉ូលិស​បារាំង​ កាលពីថ្ងៃសុក្រ​សប្តាហ៍នេះ ហើយអាជ្ញាធរ​ប៉ូលិសបារាំង​ក៏បានសន្យា​ បើកការស៊ើបអង្កេតជុំវិញ​ការបាត់ខ្លួនរបស់​លោក Meng ផងដែរ ដោយនឹងមាន​ការទាក់ទងដោយ​ផ្ទាល់ទៅអាជ្ញាធរ​ចិន។

គួរបញ្ជាក់បន្ថែមថា លោក Meng ក៏ត្រូវជាអនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខ​សាធារណ​របស់​ប្រទេសចិន​ផងដែរ ហើយក៏ជាប់ជាមន្ត្រីកំពូល​ដែលស្ថិតនៅក្នុងការស៊ើបអង្កេត របស់អាជ្ញាធរចិន​ថែមទៀត។ ទោះបីជាបែបនេះ​មែន ឈ្មោះរបស់​លោក Meng បានបាត់​ចេញពីបញ្ជី​សមាជិកភាព នៃគណកម្មាធិការបក្ស​កុម្មុយនិស្តចិន​ទៅហើយ កាលពីខែមេសា​កន្លងទៅ ដោយមិនដឹងមូលហេតុច្បាស់លាស់។

លោក Meng ត្រូវបានតែងតាំង​ជា​ប្រធានស្ថាប័នប៉ូលិសអន្តរជាតិ Interpol កាលពីឆ្នាំ២០១៦ ហើយបន្ទាប់ពី​ការឡើងកាន់តំណែងនេះ ក៏មានមតិមួយចំនួន​រិះគន់ផងដែរថា ទីក្រុងប៉េកាំង​នឹងអាចប្រើប្រាស់​ស្ថាប័ននេះ​តាមរយៈមន្ត្រីជាជនជាតិខ្លួន ដើម្បីការពារ​សកម្មភាព​នានា​របស់ចិន​នៅទូទាំងពិភពលោក ខណៈលោក Meng នឹងត្រូវកាន់​តំណែងដល់ឆ្នាំ២០២០ ប៉ុន្តែពេល​នេះអាជ្ញាធរចិនបានអះអាងថា លោក Meng បានលាលែងពីតួនាទីនេះទៅហើយ៕