(ផាលូ)៖ ស្តូបតម្កល់សាកសព និងរំលឹកវិញ្ញាណក្ខន្ធដ៏ធំមួយ នឹងត្រូវកសាង​នៅក្នុងស្រុក Palu នៃខេត្តដីកោះ Sulawesi ភាគកណ្តាល​ប្រទេស​ឥណ្ឌូណេស៊ី ដែលបានទទួលរង​គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ និងរលកយក្ស​ស៊ូណាមិកម្ពស់ ៦ម៉ែត្រ ផ្តាច់ជីវិត​មនុស្សសរុប​ជិត ២,០០០នាក់ និងរាប់រាប់ពាន់នាក់​ទៀតកំពុងបាត់ខ្លួន។ នេះបើតាមការចេញ​ផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨។

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសថា ស្តូបដ៏ធំខាងលើនេះនឹងត្រូវកសាងនៅក្នុងភូមិ Balaroa នៃស្រុក Palu ភាគខាងជើងកោះ Sulawesi ដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុត ដោយសារតែគ្រោះ​រញ្ជួយដីកាលពី​ថ្ងៃទី២៨ ខែកញ្ញា។ លោក Wiranto រដ្ឋមន្ត្រីកិច្ចការ​នយោបាយ សនិ្តសុខ និងផ្លូវច្បាប់​ឥណ្ឌូណេស៊ីបានបញ្ជាក់ថា ការស្វែងរក​មនុស្សបាត់ខ្លួន ​នឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយអាជ្ញាធរនឹង​កសាងស្តូប-រណ្តៅ​ដ៏ធំមួយ ដើម្បីតម្កល់សាកសព​​មនុស្សស្លាប់ និងធ្វើជាកន្លែង​គោរពវិញ្ញាណក្ខន្ធ​នៃមនុស្សស្លាប់ និងបាត់ខ្លួន​ទាំងជិត ៣,០០០នាក់។

កាលពីយប់ថ្ងៃអាទិត្យ អ្នកនាំពាក្យក្រុម​សង្គ្រោះ នៃខេត្តភាគកណ្តាល​ឥណ្ឌូណេស៊ីបានអះអាងថា ក្រៅពីចំនួន​មនុស្សស្លាប់​មានការកើនឡើងដល់ជិត ២,០០០នាក់ មនុស្ស​សរុប ២,៥៤៩នាក់ទៀត កំពុងសម្រាកព្យាបាល​នៅឯមន្ទីរពេទ្យ ខណៈរាប់រយរាប់ពាន់នាក់ទៀត​ត្រូវបានគេជឿជាក់ថា កំពុងបន្តបាត់ខ្លួននៅ​ឡើយនៅក្រោម​គំនរអគារ-លំនៅឋាន និងល្បាប់ភក់​ដែលបង្កឡើង​ដោយគ្រោះរញ្ជួយដី​កម្រិត ៧.៧រ៉ិចទ័រ និងរលកយក្ស​ស៊ូណាមិកម្ពស់ ០៦ម៉ែត្រ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដី​ទាំងកម្រិតស្រាល និងធ្ងន់ តែងតែកើតមាន​ឡើងជារៀងរាល់ឆ្នាំ​នៅប្រទេស​ឥណ្ឌូណេស៊ី ដែលស្ថិតនៅតំបន់ខ្សែ​ក្រវាត់ភ្លើងនៃមហាសាគរ​ប៉ាស៊ីហ្វិក ប៉ុន្តែគ្រោះរញ្ជួយដី​ដែលបង្កជារលកយក្សស៊ូណាមិ​ធ្ងន់ធ្ងរបែបនេះ គឺកម្រកើត​មានឡើងបំផុត។ រំលឹកភាព​ឈឺចាប់បំផុតមិនអាច​បំភ្លេចបាន នោះគឺគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ដែលបាន​បង្កជារលកយក្សស៊ូណាមិ​នៅមហាសមុទ្រឥណ្ឌា វាយសង្គ្រប់លើដែនដី​កោះ​ស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី​កាលពីឆ្នាំ២០០៤ នោះបានសម្លាប់​មនុស្សជាង ១៦៨,០០០នាក់៕