(ស៊ីដនី)៖ យន្តហោះមួយគ្រឿង​របស់អាកាសចរណ៍ម៉ាឡេស៊ី បានបង្ខំចិត្តធ្វើការចុះចត​ជាបន្ទាន់នៅក្នុងអាកាសដ្ឋានទីក្រុង Perth ភាគនិរតី នៃប្រទេស​អូស្ត្រាលី ដោយសារតែមាន​អ្នកជិះនៅលើនោះ ជួបប្រទះបញ្ហាសុខភាព ឬអាចទទួលរបួសធ្ងន់ធ្ងរខ្លាំង ដែលមិនអាចស៊ូទ្រាំ​រហូតដល់​ទីក្រុង Melbourne ដែលជាគោលដៅ​នោះបាន។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន ស៊ីនហួរ នាព្រឹក​ថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨។

យន្តហោះម៉ាឡេស៊ី​ដែលមានជើងហោះហើរ MH149 មកពីទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីខាងលើនេះ ជាប្រភេទ​​យន្តហោះ Airbus A330 បានធ្វើការចុះចត​នៅឯអាកាសយានដ្ឋាន Perth កាលពីវេលាម៉ោង ៤៖០៤នាទីទៀបភ្លឺ ថ្ងៃច័ន្ទនេះ (ម៉ោងនៅភាគ​ខាងលិចអូស្ត្រាលី) ដោយវាមាន​គោលដៅ​ទៅកាន់ទីក្រុង​ Melbourne ដែលស្ថិតនៅ​ភាគខាង​កើតអូស្ត្រាលី។

គួរបញ្ជាក់ថា ក្រោយពីយន្តហោះ​ចុះចតភ្លាមៗ គេបានសង្កេតឃើញ​បុគ្កលិកពេទ្យ និងកងកម្លាំង​ការពារសន្តិសុខ ចេញប្រតិបត្តិការ​សង្គ្រោះបន្ទាន់​ផងដែរ។ តែយ៉ាងណាក៏ដោយ​ព័ត៌មាន​លម្អិត​ស្តីអំពីជំងឺ ឬក៏អាចជាគ្រោះថ្នាក់​បង្កឡើងនៅពេលហោះហើរ នៃអ្នកដែល​ជិះនៅលើ​យន្តហោះ​នោះ គឺមិនទាន់មាន​ការបញ្ជាក់នោះឡើយ ខណៈយន្តហោះ​ត្រូវបានកំណត់​ឲ្យហោះទៅ​កាន់គោលដៅ គឺទីក្រុង Melbourne នៅរយៈពេលពីរម៉ោង​បន្ទាប់៕