(ហ្សាការតា)៖ ចំនួនមនុស្ស​ស្លាប់ដែលបង្កឡើងដោយគ្រោះរញ្ជួយដី និងរលកយក្ស​ស៊ូណាមិ​វាយប្រហារដីកោះ ស៊ូឡាវ៉េស៊ី ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី​ កាលពីថ្ងៃសៅរ៍​សប្តាហ៍មុននេះ បានកើន​ឡើងដល់ ១,៩៤៤នាក់ហើយ បន្ទាប់​ពីសាកសព​រាប់រយនាក់បន្ថែម​ទៀតត្រូវបានក្រុមសង្គ្រោះរកឃើញ ខណៈប្រតិបត្តិកា​រ​រុករកមនុស្សបាត់ខ្លួននេះ នឹងត្រូវបញ្ចប់​នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍ក្រោយ។ នេះបើតាម​ការចេញផ្សាយដោយ ស៊ីនហួរ នាយប់​ថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រុម​សង្គ្រោះ នៃខេត្តភាគកណ្តាល​ឥណ្ឌូណេស៊ីបានអះអាងថា ក្រៅពីចំនួន​មនុស្សស្លាប់​មានការកើនឡើងដល់ជិត ២,០០០នាក់ មនុស្ស​សរុប ២,៥៤៩នាក់ទៀត កំពុងសម្រាកព្យាបាល​នៅឯមន្ទីរពេទ្យ ខណៈរាប់រយរាប់ពាន់នាក់ទៀត​ត្រូវបានគេជឿជាក់ថា កំពុងបន្តបាត់ខ្លួននៅ​ឡើយនៅក្រោម​គំនរអគារ-លំនៅឋាន និងល្បាប់ភក់​ដែលបង្កឡើង​ដោយគ្រោះរញ្ជួយដី​កម្រិត ៧.៧រ៉ិចទ័រ និងរលកយក្ស​ស៊ូណាមិកម្ពស់ ០៦ម៉ែត្រ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដី​ទាំងកម្រិតស្រាល និងធ្ងន់ តែងតែកើតមាន​ឡើងជារៀងរាល់ឆ្នាំ​នៅប្រទេស​ឥណ្ឌូណេស៊ី ដែលស្ថិតនៅតំបន់ខ្សែ​ក្រវាត់ភ្លើងនៃមហាសាគរ​ប៉ាស៊ីហ្វិក ប៉ុន្តែគ្រោះរញ្ជួយដី​ដែលបង្កជារលកយក្សស៊ូណាមិ​ធ្ងន់ធ្ងរបែបនេះ គឺកម្រកើត​មានឡើងបំផុត។ រំលឹកភាព​ឈឺចាប់បំផុតមិនអាច​បំភ្លេចបាន នោះគឺគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ដែលបាន​បង្កជារលកយក្សស៊ូណាមិ​នៅមហាសមុទ្រឥណ្ឌា វាយសង្គ្រប់លើដែនដី​កោះ​ស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី​កាលពីឆ្នាំ២០០៤ នោះបានសម្លាប់​មនុស្សជាង ១៦៨,០០០នាក់៕