(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo បានប្រាប់រដ្ឋាភិបាល​កូរ៉េខាងត្បូងថា កិច្ចពិភាក្សារបស់​លោកជាមួយថ្នាក់ដឹកនាំ​កូរ៉េខាងជើង នៅក្នុងដំណើរ​បំពេញ​ទស្សនកិច្ចជាលើកទី ៣ ទៅកាន់ទីក្រុងព្យុងយ៉ាង​នោះ បានបញ្ចប់ប្រកប​ដោយ​ផ្លែផ្កា។ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ ដកស្រង់ពី​​សេចក្តីថ្លែងការណ៍​នៃវិមានរដ្ឋាភិបាល​​កូរ៉េខាងត្បូង Blue House នាយប់​ថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។

លោក Mike Pompeo បានមកដល់​ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីត្រឡប់មក​ពីបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង នៅព្រឹកថ្ងៃដដែល ហើយលោកក៏បាន​ជួបពិភាក្សាការងារជាមួយលោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងវិមាន Blue House ផងដែរ។ នៅក្នុងជំនួបនេះលោក Pompeo បានអះអាងថា វាជារឿងចាំបាច់ដែលលោកត្រូវ​មកកាន់​កូរ៉េខាងត្បូងភ្លាម ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើង ព្រោះ​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិកនេះ​ជាដៃគូសំខាន់បំផុត ក្នុងគំរោងលុបបំបាត់​នុយក្លេអ៊ែរពី​ឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ច​របស់លោក Pompeo ទៅកូរ៉េខាងជើង គឺជាលើកទីបីហើយ ដោយស្ថិតនៅក្នុង​ន័យផ្សាភ្ជាប់ទំនាក់ទំនង​ជាមួយកូរ៉េខាងជើង ឲ្យកាន់តែប្រសើរ និងជាការ​ត្រៀមរៀបចំជំនួប​លើកទីពីររវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក​ គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូល​កូរ៉េខាងជើង ដែលនឹងកើតឡើង​នាពេលឆាប់ៗខាងមុខផងដែរ។

លោក Pompeo បានប្រកាស​ពីការបំពេញទស្សនកិច្ចទៅ​កូរ៉េខាងជើង កាលពី​ថ្ងៃទី០៤ ខែតុលា កន្លងទៅនេះ ហើយកិច្ចប្រជុំ​បានបញ្ចប់ទៅនៅវេលាព្រឹក​ថ្ងៃអាទិត្យនេះ រួចលោកក៏បានធ្វើដំណើរ​មកកាន់កូរ៉េខាងត្បូង​ ក្នុងថ្ងៃដដែលតែម្តង។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ច​នៅកូរ៉េខាងត្បូង លោកនឹងបន្តដំណើរ​ទៅចិន និងជប៉ុន ដើម្បីពន្យល់ដល់ភាគីពាក់ព័ន្ធ​ អំពើដំណើរវិវឌ្ឍន៍​ទៅមុខជារួម៕