(វ៉ាស៊ីនតោន)៖ ទីបំផុត​លោក Brett Kavanaugh ដែលជាបុគ្គលទីពីរសម្រាប់តំណែង​ប្រធានតុលាការ​កំពូលអាមេរិក នៅក្នុងអាណត្តិដឹកនាំ​របស់​ប្រធានាធិបតីលោក ដូណាល់ ត្រាំ នោះបានស្បថឡើង​កាន់​តំណែង​ហើយ បន្ទាប់ពីការបោះឆ្នោតដោយ​សំឡេងគាំទ្រ និងប្រឆាំង​យ៉ាងប្រកៀកប្រកិត​គ្នាបំផុត។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។

លោក Brett ដែលមានវ័យ ៥៣ឆ្នាំ បានស្បថឡើងកាន់តំណែងជាប្រធានតុលាការកំពូល ក្រោយពីទទួលបានសំឡេងគាំទ្រ ៥០ ទល់នឹង ៤៨សំឡេងប្រឆាំង នៅក្នុងព្រឹទ្ធសភាសហរដ្ឋ​អាមេរិក ហើយលោកគឺជាអ្នក​កាន់តំណែងនេះទី ​១១៤ ហើយដោយមានលោក John Roberts Jr មន្ត្រីតុលាការកំពូលជើងចាស់ និងអតីតប្រធានតុលាការកំពូលដែលបានចូលនិវត្តន៍គឺលោក Anthony Kennedy ជាសាក្សីនៅក្នុងពិធីស្បថឡើង​កាន់តំណែងបែប​ឯកជននោះ។

គួរបញ្ជាក់ថា លោក Brett បានឡើងកាន់​តំណែងបន្តពីលោក Anthony ដែលមានជន្មាយុ ៨២ឆ្នាំទៅ​ហើយ ខណៈដែលបុគ្គលវ័យក្មេង​ក្នុងស្ថាប័នច្បាប់កំពូល​ដូចជា លោក Brett បែបនេះ ត្រូវបានអ្នក​វិភាគមើលឃើញថា នឹងក្លាយជាការជម្រុញឲ្យរដ្ឋបាល​លោក ដូណាល់ ត្រាំ និងបក្ស​សាធាណរដ្ឋ​ទទួលបានភាពរឹងមាំ​កាន់តែខ្លាំង នៅពេលប្រឈមមុខ​បញ្ហាផ្នែកច្បាប់។

ទោះបី​ជាមុននេះ​មានការចោទប្រកាន់ថា លោក Brett បានបៀតបៀនផ្លូវភេទ​​លើអតីតសិស្ស​ស្រី​កាលជំនាន់លោក​ជាសិស្សកាលពី ៣៨ឆ្នាំមុនក៏ដោយ ក៏រឿងនេះ​មិនបានរារាំង​អ្វីដល់​ការតែងតាំង​​​លោក ធ្វើជាប្រធានតុលាការ​​កំពូលអាមេរិក៕