(ព័រអូព្រីន)៖ គ្រោះធម្មជាតិរញ្ជួយផែនដី​ដែលមានកម្រិតបង្គួរ ៥.៩រ៉ិចទ័រ បានវាយប្រហារ​ភាគខាងជើង​ប្រទេសហៃទី ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រ ពីទីក្រុងកំពង់ផែផតឌឺផេស (Port-de-Paix) នៃប្រទេសអាមេរិក​កណ្តាលមួយនេះ។ នេះបើតាម​ការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី​ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រ​អាមេរិក USGS នាព្រឹក​ថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។

តាមសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាននៅកន្លែងកើតហេតុ ស្ថិតក្នុងស្រុក Plaisance នោះ​ឲ្យដឹងទៀតថា អគារព្រះវិហារ​សាសនាគ្រិស្តមួយខ្នងបានដួលរលំ និងលំនៅដ្ឋាន​ប្រជាជានជាច្រើន​ខ្នងទៀតរង​ការ​បំផ្លិចបំផ្លាញ ប៉ុន្តែពុំមានការបញ្ជាក់ថា មានមនុស្ស​ស្លាប់ និងរងរបួសឬក៏អត់នោះ​ឡើយ។

គួររំលឹកថា ភាពឈឺ​ចាប់បំផុត​នៃមហន្តរាយ​បង្កឡើងដោយ​ គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅហៃទី កាលពីឆ្នាំ២០១០នោះ គឺបាន​កើតមាន​ឡើងលើរដ្ឋធានី​ព័រអូព្រីនតែម្តង ដោយបានសម្លាប់មនុស្ស​ជិត ២៣០,០០០នាក់ និងទីក្រុង​ស្ទើរទាំងមូល​រងការបំផ្លិច​បំផ្លាញ៕