(ហ្សាការតា)៖ ខណៈមកទល់​ពេលនេះសាកសព​មនុស្សចំនួន ១,៥៥៨នាក់ ត្រូវបានរក​ឃើញ អាជ្ញាធរឥណ្ឌូណេស៉ី​បានឲ្យដឹង​ទៀតថា គ្រោះ​មហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏អាក្រក់កាលពី​សប្តាហ៍មុននោះ បានបន្សល់ទុកមនុស្ស​ប្រហែល ១,០០០នាក់ទៀត ឲ្យ​នៅ​បន្តបាត់ខ្លួនក្នុង​តំបន់ចំនួនបី​។ នេះ​បើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Sky News នៅរសៀល​ថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។

តួលេខនៃអ្នក​ដែលបាត់ខ្លួនខាងលើ គឺជាចំនួនប៉ាន់ស្មានរបស់​ទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយជាតិ​ឥណ្ឌូណេស៉ី ​ហើយជាអ្នក​ដែលរស់​នៅក្នុងតំបន់ចំនួនបី រួមមាន ផេតូបូ (Petobo), បាឡារ៉ូអា (Balaroa), និង ស៊ីជី (Sigi) ដែលនៅ​ជាយក្រុង Palu ជាទីរងការវាយប្រហារ​យ៉ាងធ្ងន់ធ្ងរ។ នៅ​ក្នុង​តំបន់ Petobo មនុស្សនៅមានជីវិតមានត្រឹម តែ ២៦នាក់ប៉ុណ្ណោះ ខណៈ​នៅ Balaroa រកឃើញមនុស្សនៅរស់ ៤៨នាក់។

ទន្ទឹមនឹងនេះ​មនុស្ស​ច្រើន​ជាង ​៧,០០០នាក់ បានបាត់បង់​លំនៅឋាន។ ​ក្រៅពីនេះ ​មនុស្សរាប់ពាន់នាក់​ផ្សេងទៀត ក៏ត្រូវគេជឿជាក់​ផងដែរថា បាន​បាត់​ខ្លួន​​នៅ​តាម​តំបន់​​ដទៃ​ទៀត។ អាជ្ញាធរឥណ្ឌូណេស៉ី​បានកំណត់ថា ថ្ងៃសុក្រ​គឺជាក្តីសង្ឃឹម​ចុងក្រោយ ដើម្បីស្វែងរកអ្នក​នៅមានជីវិត ដែលកប់នៅក្រោមគំនរ​អគារ​ ​ពីព្រោះថាលើស​ពីពេលនេះ ពោលគឺផុតពីមួយ​សប្តាហ៍ក្រោយគ្រោះ​មហន្តរាយ ភាគរយនៃការរុករក​អ្នកនៅមានជីវិត គឺស្ទើរតែស្មើ​​សូន្យ​តែម្តង។

គួរជម្រាបថា កាលពីថ្ងៃសុក្រ​សប្តាហ៍មុន គ្រោះរញ្ជួយដី​កម្រិត ៧.៥រ៉ិចទ័រ បានអង្រួនកោះ​ភាគកណ្តាល Sulawesi ដែលធ្វើឲ្យមានរលក​​យក្សកម្ពស់​ ០៦ម៉ែត្រ ដែលបានបង្កការ​បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕