(ហ្សាការតា)៖ ចំនួនមនុស្សស្លាប់​ដែលបង្កឡើងដោយ គ្រោះធម្មជាតិ​រញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ និងរលកយក្ស​ស៊ូណាមិកម្ពស់ ០៣ម៉ែត្រ ដែលបាន​វាយប្រហារកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាល​ប្រទេសឥណ្ឌូណេស៊ីនោះ បានកើនឡើងដល់ ១,៤២៤នាក់​ហើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បបតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។

កាលពីថ្ងៃពុធតួលេខអ្នកស្លាប់​ត្រូវបានគេអះអាង​ថា មានចំនួន ១,៤០៧នាក់ ហើយមកទល់​នឹងពេលនេះ​ អាជ្ញាធរឥណ្ឌូណេស៊ីនៅតែបន្ត​ប្រតិបត្តិការ​តាមស្វែងរក និងជួយសង្រ្គោះ​របស់ពួកគេ ស្របពេល​ការផ្ដល់ជំនួយសង្រ្គោះ​បន្ទាន់​ បានបញ្ជូនជា​បណ្ដើរទៅកាន់តំបន់​រងគ្រោះ ជាទីដែលអ្នក​នៅរស់រានមានជីវិត​កំពុងគ្មានអគ្គិសនី និងទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់។ បន្ថែមពីលើនេះ ភាពតានតឹងក៏បាន​ផ្ទុះឡើងផងដែរកាលពីថ្ងៃពុធ ដោយ​ប៉ូលិស​បាន​បង្កើនការយាមកាម​​នៅតាមហាងទំនិញ ជាច្រើនដើម្បី​ទប់ស្កាត់អំពើលួច ឬប្លន់។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ (ពីដំបូងមានកម្រិតដល់ ៧.៧រ៉ិចទ័រ) បានវាយប្រហារលើកោះស៊ូឡាវ៉េស៊ី (Sulawesi) កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបង្កឱ្យទៅជា​រលកយក្សស៊ូណាមិ បោកសង្គ្រប់លើទីក្រុងប៉ាលូ (Palu)។ ដោយឡែកអង្គការ​សហប្រជាជាតិ (UN) នៅថ្ងៃអង្គារ​សប្ដាហ៍នេះ​បានប្រកាសផ្ដល់​ជំនួយ ១៥លានដុល្លារ​​អាមេរិកសម្រាប់​ជួយដល់ប្រជាជនរង​គ្រោះ និងកំពុងពិនិត្យ​ព្រមទាំងអំពាវនាវ​​ឲ្យអន្តរជាតិ ផ្តល់ជំនួយ​បន្ថែមទៀតដល់​ឥណ្ឌូណេស៊ី៕