(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិចំនួន០២ បន្ទាប់ពីអ៊ីរ៉ង់ និងប៉ាឡេស្ទីនបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីប្រឆាំងនឹង គោលនយោបាយអាមេរិក។ នេះបើតាមលោក John Bolton ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton លើកឡើងបែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធ សប្ដាហ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយ ICJ សម្រេចឱ្យសហរដ្ឋអាមេរិកចាញ់ក្ដីអ៊ីរ៉ង់ ជាមួយការបង្គាប់ឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលការដាក់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ជាពិសេសគឺទណ្ឌកម្មទាំងឡាយណាដែលប៉ះពាល់ដល់កិច្ចការ មនុស្សធម៌ និងសុវត្ថិភាពអាកាសចរណ៍ស៊ីវិល។

ក៏ប៉ុន្តែ សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ មានមូលដ្ឋានក្នុង ទីក្រុងឡាអេ ប្រទេសហូឡង់ មិនមានអំណាចអ្វីចាប់បង្ខំ ឱ្យសហរដ្ឋអាមេរិកអនុវត្តតាមនោះទេ។ មួយវិញទៀត លោក Bolton ក៏បានចាត់ទុកថាផងដែរថា ICJ គឺជាស្ថាប័នមួយ គ្មានប្រសិទ្ធិភាព និងមានចរិកនយោបាយ ហើយថាសហរដ្ឋអាមេរិកនឹងពិនិត្យឡើងវិញនូវរាល់កិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ ដែលមានពាក់ព័ន្ធនឹង ICJ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងចំនួន០២ ដែលសហរដ្ឋអាមេរិកប្រកាសដកខ្លួន ក្នុងនោះរួមមានកិច្ចព្រមព្រៀងមិត្តភាពឆ្នាំ១៩៥៥ និងកិច្ចព្រមពៀងស្ដីពីពិធីសារបន្ថែម ដែលស្ថិតនៅក្រោមអនុសញ្ញាទំនាក់ទំនងការទូតទីក្រុងវីយ្យែន ឆ្នាំ១៩៦១៕