(ម៉ូស្គូ)៖ ទីបំផុតប្រព័ន្ធខែលការពារអាកាសរុស្ស៉ី S-300 ត្រូវបានបញ្ជូនទៅដល់ទឹកដីប្រទេសស៉ីរី ហើយបើតាមការបញ្ជាក់ពី​រដ្ឋមន្រ្តី​ការ​ពារជាតិរុស្ស៉ី លោក Sergei Shoigu វានឹងជួយធានាសុវត្ថិភាពដល់កងទ័ពរុស្ស៉ី ដែលឈរជើងនៅទីនោះ។ នេះបើតាម​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពី​ទីភ្នាក់​ងារ​​ព័ត៌​មាន​ចិន ស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។

​លោក Sergei Shoigu បានឲ្យដឹងថា ប្រព័ន្ធ S-300 ដែលបានទៅដល់ប្រទេសស៉ីរី កាលពីដើមសប្តាហ៍នេះ មានចំនួន០៤គ្រឿង ហើយ​ការ​ប្រគល់សព្វាវុធនេះ ត្រូវ​បាន​ធ្វើ​ឡើងក្រោមវិធានការ ដែលមានគោលដៅ​ពង្រឹង ​សមត្ថភាពការពារដែនអាកាសនៅស៉ីរី និងបង្កើន​ការ​ការ​ពារសម្រាប់​​យោធា​​រុស្ស៉ី​​នៅ​ទី​​នោះ។

គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅនេះ យន្តហោះឈ្លបការណ៍មួយគ្រឿង​របស់រុស្ស៉ីធុន Il-20 ត្រូវបានប្រព័ន្ធការពារ​ដែន​អាកាស S-200 របស់ស៉ីរី ច្រឡំបាញ់ទម្លាក់ នៅពេលយន្តហោះនោះ ត្រៀមខ្លួនចុះចតនៅបន្ទាយទ័ពអាកាសរុស្ស៉ី Hmeymin ស្រប​ពេលដែលកងយន្តហោះចម្បាំង​អ៉ីស្រាអែលចំនួន០៤គ្រឿង កំពុងបើកការវាយប្រហារទៅលើប្រទេសស៉ីរី នៅក្បែរតំបន់នោះដែរ៕