(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្កានីស្ថាន នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ និងច្រើនជាង ៣០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតប្រឆាំងនឹងយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅឯ ខេត្ត Nangarhar។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

ជាមួយគ្នានោះ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតខាងលើ មានគោលដៅលើយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់ក្រុមអ្នកគាំទ្របេក្ខជនតំណាងរាស្ត្រ លោក Abdel Naser Momand ដែលបានប្រមូលផ្ដុំគ្នា​ នៅក្នុងស្រុក Kama។ ប៉ុន្តែភ្លាមៗ ពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ខណៈក្រុមតាលីបង់ និងក្រុម ISIS ធ្លាប់បានអំពានាវឱ្យប្រជាជនអាហ្វហ្កានីស្ថានពហិការមិនចូលរួមការបោះឆ្នោតសភា។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតសភានៅថ្ងៃទី២០ ខែតុលានេះ បានចាប់ផ្ដើមតាំងតែពីថ្ងៃសុក្រសប្ដាហ៍ មុនមកម្លេះជាមួយការព្រួយបារម្ភថាអំពើហិង្សាអាចនឹងផ្ទុះឡើង៕