(ហ្សាការតា)៖ គិតមកទល់រសៀលថ្ងៃអង្គារនេះ ចំនួនមនុស្សបាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយរញ្ជួយដី និងស៊ូណាមិដ៏អាក្រក់ នៅ​​ប្រទេសឥណ្ឌូណេស៊ី បានកើនដល់១,២៣៤នាក់ហើយ។ នេះបើតាមការបញ្ជាក់តួលេខផ្លូវការពីទីភ្នាក់ងារគ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ឥណ្ឌូ​ណេស៉ី ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

គ្រោះរញ្ជួយដី​​​កម្រិត ៧.៧រ៉ិចទ័រ (បន្ទាប់មកត្រូវ​បានបញ្ចុះមក​នៅត្រឹម ៧.៥រ៉ិចទ័រ) កាលពីថ្ងៃសុក្រ​សប្តាហ៍មុននេះ គឺត្រូវបានចាត់​ទុកជា​កម្រិតធ្ងន់ធ្ងរ​បំផុតមួយ​ទៅហើយ​នៅក្នុង​ឆ្នាំ២០១៨នេះ នៅ​ប្រទេស​​ឥណ្ឌូណេស៉ី ប៉ុន្តែសម្រាប់​​លកយក្សស៊ូណាមិ​ដ៏អាក្រក់បែបនេះ គឺមិនធ្លាប់កើត​មាន​​នោះឡើយ គិតចាប់តាំងពី​រលក​យក្សស៊ូណាមិ​កម្ពស់ ១៥ម៉ែត្រ ដែលបាន​វាយប្រហារ​​កោះ​​ស៊ូម៉ាត្រា ភាគខាងលិច​ប្រទេសឥណ្ឌូណេស៉ី​​កាលពីឆ្នាំ២០០៤ ដែលបាន​សម្លាប់​ជីវិត​មនុស្ស​រហូតដល់ជាង ១៦៨,០០០នាក់។ ទន្ទឹមនឹងនេះ ប្រទេសជា​មិត្ត​ឥណ្ឌូ​ណេ​ស៉ី​មួយចំនួន បានប្រកាសផ្តល់​ជំនួយ​តប​តាម​ការអំពាវនាវ​របស់រដ្ឋាភិបាល​​ឥណ្ឌូណេស៊ី​រួច​ទៅហើយ។

គួរជម្រាបថា ​​គ្រោះរញ្ជួយដី​ខាងលើ បានបង្កជារលកយក្ស​កម្ពស់រហូតដល់ ០៦ម៉ែត្រ ដែលបានបោក​សង្រ្គប់ទៅលើ​ទីក្រុង Palu ព្រម​ទាំង​កន្លែង​មួយចំនួនទៀត នៅលើឆ្នេរ​ភាគខាងលិច​នៃខេត្តដីកោះ Sulawesi ភាគកណ្តាល​ប្រទេស​ឥណ្ឌូណេស៉ី ហើយ​ខណៈនេះ​នៅតំបន់រងការប៉ះពាល់​ជាច្រើនទៀត ដែលក្រុមអ្នក​សង្រ្គោះនៅមិនទាន់អាច​ទៅដល់ដដែល។ ហេតុដូចនេះ​នៅតែមាន​​ក្តី​ព្រួយ​បារម្ភថា ចំនួនមនុស្ស​ស្លាប់​អាច​នឹង​បន្ត​កើន​ឡើង​ខ្ពស់ខ្លាំង​ជាងនេះ៕