(ហ្សាការតា)៖ គ្រោះធម្មជាតិ​រញ្ជួយផែនដីកម្រិត ៧.៧រ៉ិចទ័រ (បន្ទាប់មកត្រូវ​បានបញ្ចុះមក​នៅត្រឹម ៧.៥រ៉ិចទ័រ) និងរលកយក្ស​ស៊ូណាមិកម្ពស់ ០៣ម៉ែត្រ បានបង្ក​ជាក្តីវិនាស​អន្តរាយដល់​ប្រជាជន​ឥណ្ឌូណេស៊ី ដែលរស់​នៅ​​ក្នុងខេត្តដីកោះ ស៊ូឡាវ៉េស៊ី (Sulawesi) នៃភាគ​កណ្តាល​ប្រទេស ខណៈប្រទេសជា​មិត្តឥណ្ឌូណេស៊ីមួយចំនួន បានប្រកាសផ្តល់​ជំនួយ តប​តាម​ការអំពាវនាវ​របស់រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​រួចទៅហើយ។ នេះបើតាម​ការសរុប​ព្រឹត្តិការណ៍​ព័ត៌មាននៅ​ល្ងាចថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។

គ្រោះរញ្ជួយដី​លើកនេះ គឺត្រូវបានចាត់ទុកជា​កម្រិតធ្ងន់ធ្ងរបំផុតមួយ​ទៅហើយ នៅក្នុង​ឆ្នាំ២០១៨នេះនៅប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែសម្រាប់​រលកយក្សស៊ូណាមិដ៏អាក្រក់បែបនេះ គឺមិនធ្លាប់កើត​មាន​នោះឡើយ គិតចាប់តាំងពីរលក​យក្សស៊ូណាមិកម្ពស់ ១៥ម៉ែត្រ ដែលបាន​វាយប្រហារ​កោះ​​ស៊ូម៉ាត្រា ភាគខាងលិច​ប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០០៤ ដែលបាន​សម្លាប់ជីវិត​មនុស្ស​រហូតដល់ជាង ១៦៨,០០០នាក់។

តាមមន្ត្រីគ្រប់គ្រង​​គ្រោះមហន្តរាយ​​ឥណ្ឌូណេស៊ី មនុស្សស្លាប់​គិត​ត្រឹមល្ងាចថ្ងៃចន្ទនេះ គឺមាន​ចំនួន ៨៤៤នាក់ (កាលពីរសៀល​​ថ្ងៃចន្ទនេះ ធ្លាប់មាន​​សេចក្តីរាយការណ៍​​ថា មនុស្សស្លាប់​មានរហូតដល់ ១,២០៣នាក់ ប៉ុន្តែត្រូវបាន​មន្ត្រីឥណ្ឌូណេស៊ី​បដិសេធទៅវិញ) ខណៈរាប់រយ​នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរ​ឥណ្ឌូណេស៊ីជឿជាក់ថា កំពុងតែជាប់​​នៅក្នុង​គំនរអគារ-លំនៅឋានបាក់បែក និងល្បាប់ភក់ដែលបង្កឡើងដោយស៊ូណាមិ មានន័យថា​ចំនួនមនុស្សស្លាប់​ នឹងកើនឡើង​បន្ថែមទៀត។

ខាងក្រោមនេះ គឺជាកម្រងវីដេអូ និងរូបភាពដែលបង្ហាញអំពីគ្រោះមហន្តរាយធម្មជាតិ​ដ៏អាក្រក់ ដែលបានកើត​ឡើងកាលពីថ្ងៃសៅរ៍​សប្តាហ៍មុន និងទុក្ខវេទនា​ដែលប្រជាជាតិ​ឥណ្ឌូណេស៊ីកំពុងតែ​ជួបប្រទះ៖