(ប៊ែរឡាំង)៖ តុលាការក្នុងប្រទេស​អាល្លឺម៉ង់ បានសម្រេចបង្គាប់​ឲ្យ​ធ្វើបត្យាប័ន​មន្រ្តីទូត​អ៉ីរ៉ង់ឈ្មោះ អាស្សាដូលឡាហ៍ អាស្សាឌី (Assadollah Assadi) ដើម្បីនាំខ្លួន​ជនរូបនេះទៅ​ឲ្យអាជ្ញាធរប៊ែលហ្សិក ដែលមាន​ជាប់​ក្នុងផែនការ​បំផ្ទុះគ្រាប់បែក​ នៅកន្លែងជួបជុំគ្នា​នៃក្រុមគាំទ្របក្ស​ប្រឆាំងអ៊ីរ៉ង់ ក្នុងប្រទេសបារាំងកាលពីពេលកន្លង​ទៅនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន​រុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។

លោក Assadi ត្រូវបានគេឃុំខ្លួន​កាលពីកក្កដាកន្លងទៅ នៅជាយ​ក្រុង អាស្កាហ្វិនប៊ឺក (Aschaffenburg) នៃប្រទេសអាល្លឹម៉ង់ នៅក្រោមដីកា​​របស់អឺរ៉ុប ខណៈ​មនុស្សមួយចំនួន​ជាជនជាតិអ៉ីរ៉ង់ ត្រូវបានចាប់ខ្លួននៅប្រទេស​បែលហ្ស៉ិក ហើយអាជ្ញាធរ​បានរាយការណ៍ អំពីការរកឃើញ​​​គ្រឿង​ផ្ទុះដ៏មានឥទ្ធិពល​នៅក្នុងរថយន្ត​របស់ពួកគេ។

គួរជម្រាបថា លោក Assadi បានរងការចោទ​ប្រកាន់​ពី​អាជ្ញាធរបែលហ្ស៉ិកថា មានជាប់ពាក់ព័ន្ធ​នឹងគម្រោងការខ្មៅងងឹត ដែល​គេ​អះ​អាង​ថា មានគោលដៅ​បំផ្ទុះគ្រាប់បែក​កន្លែងជួបជុំប្រចាំឆ្នាំដ៏ធំមួយ របស់ក្រុម​ប្រឆាំងអ៊ីរ៉ង់ មូហ្សាហ៊ីឌីណ ខាល (Mujahedeen-e-Khalq) ហៅកាត់ថា MEK នៅឯប្រទេស​បារាំង៕