(ហ្សាការតា)៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារតែការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏មានឥទ្ធិពល បូករួមជាមួយរលកយក្ស​នៅ​លើ​កោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី បានកើនដល់៨៣២នាក់ហើយ ខណៈក្រុមជួយសង្រ្គោះ កំពុងខ្នះខ្នែងជាទីបំផុត ដើម្បី​តាម​ស្វែងរកជនដែលអាចនៅរស់រានមានជីវិត ព្រមទាំងសាកសពអ្នកដែលស្លាប់ នៅតាមតំបន់នានា ដែលរងការវាយប្រហារ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

រយៈពេលពីរថ្ងៃបានកន្លងផុតទៅ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់​៧.៥រ៉ិចទ័រ (ពីដំបូង​៧.៧រ៉ិចទ័រ) បានវាយប្រហារលើកោះ Sulawei និង​បង្កជារលកយក្សយ៉ាងកក្រើកនោះ ចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើងយ៉ាងគំហុក ហើយ​សាកសពជាច្រើនទៀត ត្រូវអាជ្ញាធររំពឹង​ថានឹងរកឃើញជាបន្តបន្ទាប់ ខណៈ​តួលេខនេះ ត្រូវ​អនុប្រធានាធិបតីឥណ្ឌូណេស៊ី បង្ហើបឲ្យដឹងថា អាចឈានដល់ខ្ទង់រាប់ពាន់នាក់​​ថែម​ទៀតផង។

បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ប្រជាជនប្រមាណ២.៤លាននាក់ ត្រូវគេប៉ាន់ស្មានថា បានទទួល​រងផលប៉ះពាល់ដោយសារតែគ្រោះធម្មជាតិដ៏អាក្រក់នេះ។ ទន្ទឹមនឹងនេះ មនុស្សរាប់រយនាក់ទៀត បានរងរបួស និងយ៉ាងតិច​ប្រហែល​១៧,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ ជាមួយគ្នានេះដែរ ទំហំទាំងស្រុងនៃការបំផ្លិចបំផ្លាញ ដោយសារ​គ្រោះរញ្ជួយដី​នេះ នៅមិនទាន់អាចកំណត់ច្បាស់លាស់នៅឡើយទេ ខណៈ​ប្រព័ន្ធអគ្គិសនី និងទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ហើយ​ផ្លូវថ្នល់ក៏ត្រូវ​ខូច​ខាតទៀតនោះ ជាហេតុបង្កផលលំបាកខ្លាំងក្នុងការវាយតម្លៃទៅលើទំហំខូចខាត។

គួរជម្រាបថា កាលពីថ្ងៃសុក្រកន្លងទៅ រលកយក្សស៊ូណាមិ បានបោកសង្រ្គប់ទៅលើ​ទីក្រុង Palu និងតំបន់ក្បែរខាងដទៃទៀត នៃកោះ Sulaweisi ពីព្រោះវាត្រូវបានមើលរលងដោយ​​ទីភ្នាក់ងារជំនាញរបស់ឥណ្ឌូណេស៊ី ដែលបានសម្រេចដកការព្រមានពីរលកយក្ស​វិញ ត្រឹមពេល៣៤នាទីប៉ុណ្ណោះ ​ក្រោយមានការវាយប្រហារពីរញ្ជួយដីកម្រិត​៧.៥រ៉ិចទ័រ៕