(ញូយ៉ក)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានកត់សម្គាល់ថាគំនិតឯកតោភាគីគឺមានតែបង្កការបំផ្លិចបំផ្លាញដល់មនុស្ស គ្រប់គ្នា​ ហើយដែលការលើកឡើងនេះ ត្រូវបានគេមើលឃើញថាចង់សំដៅលើគោលនយោប្រឆាំង នឹងសកភាវូបនីយកម្មរបស់ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក លោក វ៉ា​ង យី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គំនិត​គំាពារ​និយម គឺមានតែធ្វើឱ្យខ្លួនឯងខាតបង់និងឈឺចាប់ រីឯគំនិតឯកតោភាគីមានតែនាំទៅរកការបំផ្លិចបំផ្លាញដល់មនុស្ស​គ្រប់​គ្នា​ប៉ុណ្ណោះ... ហើយទីក្រុងប៉េកាំងគ្មានចេតនាអាក្រក់បង្កជម្លោះ ឬធ្វើឱ្យជម្លោះកាន់តែតានតឹងនោះទេ»។

គួរបញ្ជាក់ថា បច្ចប្បន្នទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កំពុងមានភាពតានតឹងនឹងគ្នាយ៉ាងខ្លាំង​ដោយសារតែសង្រ្គាម
ពាណិជ្ជកម្មដំឡើងពន្ធរវាងប្រទេសទាំងពីរ ជាមួយការដំឡើងពន្ធ២០០ពាន់លានដុល្លារពីលើផលិតផលនាំចូលពីចិនរបស់ សហរដ្ឋអាមេរិក និងការសងសឹងរបស់ចិន៦០ពាន់លានដុល្លារលើផលិតផលអាមេរិក៕