(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បាននិយាយថាការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការបញ្ជូនប្រព័ន្ធ មីស៊ីលការពារដែនអាកាស S-300 ទៅកាន់ប្រទេសស៊ីរីគឺជាកំហុសឆ្គងមួយដ៏ធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

លោក John Bolton ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាស នោះ លោក Bolton បានគូសបញ្ជាក់ដូច្នេះថា៖«យើងគិតថាការបញ្ជូន S-300 ឱ្យរដ្ឋាភិបាលស៊ីរីនឹងធ្វើឱ្យភាពតានតឹង និងជម្លោះ កាន់តែកើនឡើង ហើយមិនតែប៉ុណ្ណោះការសម្រេចចិត្តនេះក៏ជាកំហុសឆ្គងមួយដ៏ធំផងដែរ»។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោក John Bolton កើតមានឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថានឹងបញ្ជូន S-300 ទៅកាន់ប្រទេសស៊ីរីនៅក្នុងរយៈពេល២សប្ដាហ៍ខាងមុខទៀតនេះ ដើម្បីជួយបង្កើនសមត្ថភាពការពារដែនអាកាសរបស់កងកម្លាំង ស៊ីរី និងរារាំងមិនឱ្យយន្ដហោះចម្បាំងនានាចូលក្នុងដែនអាកាសស៊ីរី នៅក្នុងករណីចំាបាច់ជាដើម។ ម្យ៉ាងវិញទៀត ការសម្រេចចិត្ត បញ្ជូន S-300 ឱ្យស៊ីរី នេះទៀតសោតគឺជាការឆ្លើយតបទៅនឹងអ៊ីស្រាអែល ដែលទីក្រុងម៉ូស្គូចោទថាជាអ្នកទទួលខុសត្រូវចំពោះ ការធ្លាក់យន្ដហោះយោធារបស់ខ្លួនដោយបណ្ដាលឱ្យយោធារុស្ស៊ី១៥នាក់បាត់បង់ជីវិត។

តែទោះជាយ៉ាងនេះក្ដី ទីប្រឹក្សាសន្តិសុខជាតិអាមេរិក នៅតែអះអាងដដែលថាអ៊ីសា្រអែលមានសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួនឯង ប្រឆាំងនឹងអាកប្បកិរិយាឈ្លានពានរបស់អ៊ីរ៉ង់ ហើយអ៊ីស្រាអែលផ្ទាល់ក៏បានបញ្ជាក់ដែរថាខ្លួននឹងបន្តធ្វើប្រតិបត្តិការយោធានៅក្នុង ប្រទេសស៊ីរីដដែល៕