(ប៉េកាំង)៖ តំណាង​ពាណិជ្ជកម្មចិន​អន្តរជាតិ និងជាអនុរដ្ឋមន្ត្រី​ពាណិជ្ជកម្មចិន លោក ហ្វ៊ូ ហ្ស៊ីយីង (Fu Ziying) បានគូសបញ្ជាក់ថា ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ មានសមត្ថភាព​គ្រប់គ្រាន់ក្នុងការជម្នះ​រាល់ឧបសគ្គ និងទប់ស្កាត់​ផលប៉ះពាល់អវិជ្ជមាន​ ដែលបង្កឡើង​ដោយការដាក់​ទណ្ឌកម្មពីសំណាក់​សហរដ្ឋអាមេរិក ដោយសារតែ​ទំនាក់ទំនងសេដ្ឋកិច្ច ដ៏រឹងមាំបច្ចុប្បន្ន​រវាងប្រទេស​ទាំងពីរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

លោក Fu Ziying ធ្វើកត់សម្គាល់​បែបនេះ ឆ្លើយតបទៅនឹង​សំណួរថា ចិនអាចគ្រប់គ្រងផលប៉ះពាល់ដែលបង្កឡើង​ដោយការដាក់ ទណ្ឌកម្ម និងសង្រ្គាម​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក តាមរយៈអង្គការ​កិច្ចសហប្រតិបតិ្តការ​សៀងហៃ (SCO) និង​ធនាគារ BRICS. ដែរ ឬទេ? លោក Fu បានលើក​ឡើងដូច្នេះថា «សេដ្ឋកិច្ច​រុស្ស៊ី និងចិន មានភាព​រីកចំរើនដល់កម្រិតខ្ពស់​មួយនាពេល
បច្ចុប្បន្ន ហើយតាមរយៈការ​រីកចំរើននេះខ្ញុំគិតថា យើងមានសមត្ថភាពគ្រប់គ្រាន់​ ក្នុងការជម្នះរាល់​ឧបសគ្គ និងទប់ស្កាត់​ផលប៉ះពាល់ អវិជ្ជមានដែល​បង្កឡើងដោយការដាក់​ទណ្ឌកម្ម ពីសំណាក់​សហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាង​សហរដ្ឋអាមេរិក និងចិនបានស្គាល់ភាពតានតឹង​ចាប់តាំងពីខែ​មីនាមកម្ល៉េះ ក្រោយ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាស​ពីគំរោងដំឡើងពន្ធ​នាំចូលដែកថែប និងអាលុយមីញ៉ូម​ពីបរទេស។ លើសពីនេះ​ទៅទៀត ភាពតានតឹងនេះ​ផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីទីក្រុង​វ៉ាស៊ីនតោន បានសម្រេចចិត្ត​ដាក់ទណ្ឌកម្ម ប្រឆាំងនឹងអង្គភាព​អភិវឌ្ឍបរិក្ខាយោធាចិន និងនាយកនៃអង្គភាពយោធា​នេះ គឺលោក Li Shangfu សម្រាប់ការទិញ​ប្រព័ន្ធមីស៊ីល​ការពារ​ដែនអាកាស S-400 និងយន្ដហោះ​ចម្បាំងពីរុស្ស៊ី ស្របពេល​ដែលការដំឡើងពន្ធ ២០០ពាន់លានដុល្លារ លើ​ផលិតផល​ចិន ទើបតែចូល​ជាធរមាន​កាលពី​ថ្ងៃចន្ទ៕