(ប៉េកាំង)៖ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅស ស្តីពី​ការ​ពិត​នៃ​វិវាទ​ផ្នែក​សេដ្ឋកិច្ច​និងពាណិជ្ជ​កម្ម​​រវាង​មហាយក្ស​ចិន​ និងសហរដ្ឋអាមេរិក ក៏ដូចជាគោលជំហររបស់ភាគីទីក្រុងប៉េកាំង ដែល​​មា​ន​គោល​​ដៅ​បំភ្លឺ​ការ​ពិត​នៃ​ទំនាក់​ទំនង​ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញរកការដោះស្រាយបញ្ហាដោយសមហេតុផល។ នេះបើតាមការដកស្រង់​ការ​ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

សៀវភៅសខាងលើ​បាននិយាយថា ខណៈដែលសហរដ្ឋអាមេរិក​បានបង្កបញ្ហាទំនាស់​ពាណិជ្ជកម្មឥតឈប់ឈរ ប្រទេស​ចិន​បាន​គិត​គូរ​ពី​​ការគាំពារផលប្រយោជន៍រួម រវាងប្រទេសទាំងពីរ និងរបៀបរៀបរយពាណិជ្ជកម្មពិភពលោក ប្រកាន់​ខ្ជាប់​គោល​ការណ៍​មូល​ដ្ឋាន​នៃការដោះស្រាយការវិវាទតាមរយៈការចរចា ហើយយកការអត់ធ្មត់ និង​ភាពស្មោះត្រង់ធំបំផុត ដែល​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​សហរដ្ឋអាមេរិក ​និងដោះស្រាយការវិវាទដោយសមរម្យដោយកាន់អាកប្បកិរិយា ស្វែងរកមូលដ្ឋានដូចគ្នានៅពេលមានភាពខុសគ្នា ក៏ដូចជាពុះពារ​ឧប​សគ្គ​គ្រប់បែបយ៉ាងធ្វើការចរចា និងការពិគ្រោះពិភាក្សា​ជាច្រើនលើកជាមួយសហរដ្ឋអាមេរិក ​ព្រមទាំងលើក​ឡើង​គម្រោង​​ដោះ​ស្រាយ​ជាក់ស្តែង ហើយ​បាន​ខិតខំ​ប្រឹងប្រែង​ដ៏​រឹង​មាំ​ដើម្បីស្ថិរភាពនៃ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច​និង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ផង​ដែរ ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកតែងតែប្រែប្រួល ហើយបង្ករឿងហេតុឥតឈប់ឈរ បណ្តាល​ឲ្យ​វិវាទ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ រវាងចិននិងសហរដ្ឋអាមេរិក បន្តកើនឡើងក្នុងរយៈពេលខ្លី ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន​និង​សហរដ្ឋ​អាមេរិក ដែលរដ្ឋាភិបាលនិងប្រជាជនប្រទេសទាំងពីរ បានបង្កើតឡើងដោយខិតខំប្រឹងប្រែងក្នុងរយៈពេលច្រើនឆ្នាំ រងការខូចខាតយ៉ាងខ្លាំង ហើយក៏ធ្វើឲ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងគោលការណ៍ពាណិជ្ជកម្មសេរីរងការគំរាមកំហែងដ៏ធ្ងន់ធ្ងរផងដែរ ។

ដើម្បីបំភ្លឺការពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក និង​អធិប្បាយអំពីគោលនយោបាយ​និងគោល​ជំហរ​របស់​ចិន អំពីការវិវាទផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិននិងសហរដ្ឋអាមេរិក រួមទាំងជំរុញការដោះស្រាយបញ្ហាដោយ​សម​ហេតុ​ផល រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសនេះជាពិសេស ។

សៀវភៅសនេះចង្អុលបង្ហាញថា ចំពោះប្រទេសចិននិងសហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ ដែល​មាន​តែ​ឈ្នះ-ឈ្នះទើបអាចឆ្ពោះទៅកាន់អនាគតកាន់តែល្អប្រសើរឡើង ។ គោលជំហររបស់ចិនគឺច្បាស់លាស់ ជាប់រហូតនិងម៉ឺងម៉ាត់៕